
កូរ៉េខាងជើង (BBC) : កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើងបានយល់ព្រមផ្អាកការសាកល្បងបាញ់ គ្រាប់មីស៊ីល និង ថាមពលនុយក្លេអ៊ែរ ដោយបន្តការជជែកពិភាក្សាលក្ខខណ្ឌជាមួយអាមេរិក។
យោងតាមប្រភពពីក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបានយល់ព្រមអនុញ្ញាតឲ្យអ្នកសង្កេតការ ណ៍អាមេរិក ចុះត្រួតពិនិត្យម៉ាស៊ីន រ៉េអាក់ទ័ររបស់ខ្លួននៅស្រុក យ៉ុងប៊ីយុន(Yongbyon) ដើម្បីបញ្ជាក់ឲ្យប្រាកដថា បានធ្វើតាមវិធានការត្រឹមត្រូវឬអត់? ហើយដើម្បីជាការតបស្នងចំពោះការព្រមព្រៀងនេះ អាមេរិកបានផ្តល់ជំនួយជាស្បៀងអាហារចំនួន ២៤០,០០០តោនដល់កូរ៉េខាងជើងផងដែរ។
ការព្រមព្រៀងនេះ កើតឡើង ២ខែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឡើងកាន់អំណាចក្រោយមរណភាពរបស់ឪពុកលោកគឺលោក គីម ជុងអ៊ីល។
បើតាមមន្រ្តីក្រសួងការបរទេសលោកស្រី ហ៊ីឡារី ឃ្លីនតុន(Hillary Clinton) បានមានប្រសាសន៍ថា “ការប្រកាសថ្ងៃនេះតំណាងឲ្យជំហានដំបូងក្នុងទិសដៅដ៏ល្អ វាជាក្តីសង្ឃឹមរបស់ពួកយើងដែលអ្នកដឹកនាំថ្មីនឹង ជ្រើសរើសត្រួសត្រាយប្រទេសជាតិរបស់ខ្លួនទៅ កាន់ផ្លូវសន្តិភាព”៕