ជិតមួយឆ្នាំហើយដែលភូមាបានធ្វើកំណែទម្រង់នយោបាយរបស់ ខ្លួន ពីរដ្ឋាភិបាលយោធា មកកាន់ការគ្រប់គ្រងបែបស៊ីវិល ប៉ុន្តែវានៅតែមិនទាន់បានទាក់ទាញឲ្យមេដឹកនាំបក្សប្រឆាំងរបស់ ប្រទេសនេះ មានទំនុកចិត្តទាំងស្រុងទេ ចំពោះការផ្លាស់ប្ដូរឥរិយាបទដ៏ឆាប់រហ័សនោះ ។
យោងតាម រ៉យទ័រ បានឲ្យដឹងថា ក្នុងឱកាសថ្លែងទៅកាន់អ្នកគាំទ្រដែលជាសិស្សនិស្សិត នៅសកលវិទ្យាល័យ កាលេតុន ក្រុងអូតាវ៉ាប្រទេសកាណាដា កាលពីថ្ងៃពុធ តាមរយៈវីដេអូខន់ហ្វ័រិនលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានលើកឡើងថា ” មានមនុស្សមួយចំនួន ហាក់ដូចជាមានសុទិដ្ឋិនិយម ជ្រុល ពីកំណែទម្រង់នេះ ។ យើងត្រូវមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នបំផុត ។ យើងកំពុងតែស្ថិតនៅត្រង់ចំណុចនៃផ្លូវឈានទៅរកប្រជាធិបតេយ្យតែ ប៉ុណ្ណោះ..។អំណាចពិតប្រាកដនៅតែស្ថិតក្នុងដៃយោធាដដែល ដរាបណាយើងនៅតែមានក្រុមយោធានៅពីក្រោយដំណើការលទ្ធិប្រជាធិបតេយ្យ យើងមិនអាចនិយាយថា យើងស្ថិតនៅក្នុងចំណុចមួយ ដោយគ្មានការគម្រាមកំហែង ពីការវិលត្រឡប់ទៅរករបបគ្រប់គ្រងចាស់បានឡើយ ..” ។
កាលពីអំឡុងខែ មិនា ឆ្នាំ ២០១១ កន្លងទៅអតីតរបបគ្រប់គ្រងយោធាបានត្រួសត្រាយផ្លូវឲ្យមានរដ្ឋាភិបាល ស៊ីវិលមួយ ដោយចាប់ផ្ដើមពីការធ្វើកំណែទម្រង់ដ៏សំខាន់មួយ ដោយបានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ និងលើកតម្កើងសេរីភាពខាងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបង្កើនទំនាក់ទំនងជាមួយលោកស្រី អ៊ុង សានស៊ូជី ម្ចាស់ជ័យលាភីណូបែលសន្តិភាព ៕