ដោយ ៖ សាធី
ថ្ងៃទី 06-02-2012 ម៉ោង 17:31:13 រោងចក្រ ដែលមានកម្ពស់៣ជាន់បានបាក់ស្រុតនៅទីក្រុង Lahore ដែលជាទីក្រុងធំទី២របស់ប៉ាគីស្ថាន បានបាក់ស្រុតនៅថ្ងៃទី៦ កុម្ភៈ បណ្ដាលមកពីការផ្ទុះឧស្ម័នហ្គាស បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតត្រូវជាប់គាំងនៅខាងក្នុង ។
មន្ដ្រី សង្គ្រោះបន្ទាន់បានឱ្យដឹងថា រោងចក្របានស្រុតទាំងស្រុង ហើយបណ្ដាលឱ្យផ្ទះ២ខ្នងនៅជាប់នោះបាក់ស្រុតផងដែរ ។ មកទល់ពេលនេះមិនទាន់អាចបញ្ជូនគ្រឿងចក្រធ្ងន់ៗចូលទៅគាស់កកាយបាន ឡើយ ដោយសារតែផ្លូវតូចចង្អៀត ។
អ្នកនាំពាក្យរបស់ក្រុមជួយ សង្គ្រោះបន្ទាន់បានឱ្យដឹងថា ពេលរោងចក្របាក់ស្រុតមានកម្មករធ្វើការនៅទីនោះ៥២នាក់ ក្នុងនោះមានកម្មការិនី១៧នាក់ ។ ប៉ុន្ដែក្រុមជួយសង្គ្រោះបានឱ្យដឹងថា មានមនុស្សជាង១០០នាក់ជាប់គាំងនៅខាងក្នុង ដែលក្នុងនោះមានទាំងស្ដ្រី និងកុមារទៀតផង ។ សាក្សីបានឱ្យដឹងថា តាមធម្មតាមានមនុស្សប្រមាណ១៥០នាក់ធ្វើការនៅខាងក្នុង ៕
