ថ្ងៃទី 15-02-2012 ម៉ោង 16:13:50 មន្ដ្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើងនឹងជួបពិភាក្សានៅថ្ងៃទី២៣ កុម្ភៈ នាទីក្រុងប៉េកាំងស្ដីអំពីកម្មវិធីបរមាណូដែលមានវិវាទរបស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។
តាមសេចក្ដីប្រកាសពី ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ឧបការីរដ្ឋមន្ដ្រីការបរទេសទទួលបន្ទុកបញ្ហាឧបទ្វីបកូរ៉េ លោកគ្លីន ដាវីស នឹងជួបពិភាក្សាជាមួយរដ្ឋលេខាធិការទី១ក្រសួងការបរទេសកូរ៉េខាងជើង លោកគីម គេយ៍វ៉ាន់ នៅទីក្រុងប៉េកាំង ។ ជំនួបពិភាក្សានេះនឹងផ្ដោតទៅលើការតភ្ជាប់ឡើងវិញនូវកិច្ច ពិភាក្សាបញ្ចប់វិបត្ដិបរមាណូដែលអូសបន្លាយជាយូរណាស់មកហើយ ។ នេះជាកិច្ចពិភាក្សាលើកទី១ក្រោយពេលមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ីល ទទួលមរណភាពកាលពីថ្ងៃទី១៧ ធ្នូ ២០១១ ។
នៅក្នុងសន្និសីទកាសែតនាទីក្រុង វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីវីកធើរៀ ណូឡែន បានមានប្រសាសន៍ថា “នេះជាកិច្ចពិភាក្សារវាងអាមេរិក នឹងកូរ៉េខាងជើងដើម្បីត្រួតពិនិត្យមើលថា តើកូរ៉េខាងជើងបានត្រៀមលក្ខណៈកិច្ចសន្យា និងភារកិច្ចអន្ដរជាតិរបស់ខ្លួនក៏ដូចជាជំហានចាំបាច់ឈានទៅដល់ការ មិនរីកសាយភាយអាវុធបរមាណូ” ។
កិច្ចពិភាក្សា២លើករវាងអាមេ រិក នឹងកូរ៉េខាងជើងកាលពីឆ្នាំ២០០១ ប៉ុន្ដែលើកទី៣ត្រូវបានលុបចោលដោយសារតែមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ទទួលមរណភាព ។
ក្រុមអ្នកវិភាគយល់ឃើញថា កិច្ចពិភាក្សានៅទីក្រុងប៉េកាំងនាពេលខាងមុខក៏ជាឱកាសដើម្បី សាកល្បងស្ដីពីកម្មវិធីបរមាណូក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន ។
មានកិច្ចពិភាក្សាជាច្រើនលើក រវាងកូរ៉េខាងជើង នឹងប្រទេសទាំង៥រួមមានអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន និងរុស្ស៊ី តែកិច្ចពិភាក្សា៦ភាគីនោះត្រូវបានផ្អាកតាំងពីខែមេសា ២០០៩ ៕

