អ៊ីរ៉ង់បានបង្កើនទិន្នផលប្រចាំខែកើនឡើង ៣ដង ក្នុងការចម្រាញ់ Uranium កំរិតខ្ពស់ ហើយស្ថាប័នត្រួតពិនិត្យនុយក្លេអ៊ែរអង្គ
សហប្រជាជាតិ IAEA បានបង្ហាញការ “ព្រួយបារម្ភយ៉ាងជ្រាលជ្រៅ” ចំពោះទ្រង់ទ្រាយយោធា ដែលអាចមានក្នុងសកម្មភាព
នុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅថ្ងៃទី៥ មីនា កន្លងមក ថ្លែងក្នុងសន្និសិទកាសែត នៅស្នាក់ការ IAEA នៅក្រុងវីយ៉ែន មេដឹកនាំស្ថាប័ននេះ លោក Yukiya
Amano បានឲ្យដឹងថា មានបង្ហាញនូវសញ្ញាមិនប្រក្រតី ក្នុងសកម្មភាពនៃមូលដ្ឋានយោធាមួយចំនួន របស់អ៊ីរ៉ង់ ដែលអធីការ
ទាំងឡាយរបស់លោក ចង់ទៅពិនិត្យ តែភាគីអ៊ីរ៉ង់ មិនយល់ព្រម។
អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងតែស្វះស្វែងរកការគាំទ្ររបស់រុស្ស៊ី និង ចិន សំដៅព្រមានអ៊ីរ៉ង់ ក្នុងអង្គប្រជុំមួយ
អូសបន្លាយរយៈពេល ១សប្តាហ៍ របស់ IAEA ទើបបានចាប់ផ្តើមពីថ្ងៃច័ន្ទ កន្លងមក។
អ៊ីស្រាអែល បានគំរាមនឹងវាយគ្របមុខអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនផ្អាកកម្មវិធីនុយក្លេអ៊ែរ។ នេះជាវិធានការរឹងរូសមួយ
កំពុងត្រូវបានប្រធានាធិបតីអាមេរិក ប្រឹងប្រែងទប់ ដើម្បីទុកពេលវេលាឲ្យកិច្ចប្រឹងប្រែងខាងការទូត និងករដាក់ទ័ណ្ឌកម្ម។
អ៊ីរ៉ង់ តែងបដិសេធពីការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគ បានសំដែងការមន្ទិលសង្ស័យថា ប្រទេសនេះ កំពុងតែ
ប្រឹងប្រែងចម្រាញ់ Uranium និងកែសំរួលក្បាលគ្រាប់កាំជ្រួចអន្តរទ្វីបនុយក្លេអ៊ែរ ដើម្បីបំរើឲ្យទាំងគោលដៅស៊ីវិល និងយោធា
ជាហេតុបណ្តាលឲ្យ UN និងលោកខាងលិច បានដាក់ទ័ណ្ឌកម្មខ្លាំងៗ ទៅលើប្រទេសនេះ។
ខណៈពេលនេះដែរ ប្រធានាធិបតីអាមេរិក ក្នុងជំនួបថ្មីៗនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
Nethanyahu ថា ក្រុងវ៉ាស៊ីនតោន ចង់ឲ្យមាន “ការគាំទ្ររបស់អ៊ីស្រាអែល” ហើយនឹងមិនអនុញ្ញាតិឲ្យអ៊ីរ៉ង់ មានអាវុធនុយ-
ក្លេអ៊ែរនោះឡើយ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post