កាសែត​ The Philippine Daily Inquire ចុះផ្សាយថ្ងៃទី៩ ឧសភា ព័ត៌មានថា បណ្តានាវា​របស់ចិន​ កំពុង​រារាំង​ប្រជានេសាទ​ហ្វីលីពីន ចូល​ទៅរុក​រកជលផល​ ក្នុង​ដែនកោះ​តាម​ទម្លាប់​ នាកោះ​ថ្ម Scarborough ។
នាង He Jia ក្នុងកម្មវិធីរបស់ CCTV
កាសែត​ខាងលលើ​ បានដក​ស្រង់​របាយការណ៍​របស់កង​ទ័ព​ហ្វីលីពីន ឲ្យដឹងថា ចំនួន​នាវាចិន​នៅកោះ Scarborough បានកើន​ដល់​ចំនួន​ ៣៣ គ្រឿង ប្រៀប​ទៅនឹង​ ១៤ គ្រឿង​ កាលពី​សប្តាហ៍មុន ។

ក្នុងពេល​ជាមួយ​គ្នានោះដែរ បណ្តាញ​ព័ត៌មាន​របស់ចិន ឲ្យដឹងថា ស្ថានទូត​របស់ប្រទេសនេះ ប្រចាំ​ហ្វីលីពីន ទើប​ចេញ​សេចក្តី​ប្រកាស​បន្ទាន់មួយ ដោយសំណូមពរ​ដល់បុគ្គលិក​បណ្តា​ក្រមហ៊ុន​ អ្នក​ជំនួញ​ចិន ដែលកំពុង​ធ្វើ​ការងារ​លើទឹកដី​ហ្វីលីពីន ត្រូវ​បង្កើន​ចំណាប់​អារម្មណ៍​ និង​បំពេញ​កិច្ច​ការពារ​សុវត្ថិភាព​ ក្នុងការ​ធ្វើដំណើរ​ឲ្យបានល្អ ។

សេចក្តី​ប្រកាសនេះ ក៏បាន​សំណូមពរ​ផងដែរ ដល់បុក្គលិក​ចិន​ កំពុង​មានវត្តមាន​នៅហ្វីលីពីន ត្រូវ​លើកកម្ពស់​ស្មារតី​យល់ដឹង បង្កើន​មនះសិការ ក៏ដូច​ជា​បំពេញល្អការធានាសុវត្ថិភាព​ ចំពោះ​មនុស្ស និងទ្រព្យ​សម្បត្តិ កាត់បន្ថយ​ការ​ដើរ​ចេញក្រៅ ហើយបើចេញ​ក្រៅ ត្រូវ​មានអ្នករួម​ដំណើរ​ ពេលជួប​ហ្វូងបាតុករ​ ត្រូវ​ដើរ​វាងចេញ មិន​ចូលរួម ឬ មិនឈរមើល ។

ទំនាក់ទំនង ​រវាង​ប្រទេសទាំងពីរ ដែលកំពុង​តានតឹង​ត្រូវ​បាន​បន្ថែម​ទម្ងន់​ គ្រាដែលអ្នកដឹកនាំ​កម្មវិធី​ព័ត៌មាន​របស់ស្ថានីយ៍​ទូរទស្សន៍​កណ្តាល​របស់​ ចិន​ CCTV ថ្មីៗនេះ បាន "ជ្រុលមាត់" ប្រកាសថា ហ្វីលីពីន ជាផ្នែក​មួយនៃ​បូរណៈភាពដែនដីរបស់ចិន ។ នេះជា​ការ​ធ្វេស​ប្រហែស​ នាំមកនូវ​ឧបសគ្គ​ពិបាកដោះស្រាយ ព្រោះ​រវាង​ប្រទេសទាំងពីរ កំពុង​មានទំនាស់​ដែនដី​កោះ ។

តាម AFP នាង HeJia ដែលកំពុង​ដឹកនាំកម្មវិធី​ទូរទស្សន៍​នៅយប់​ថ្ងៃទី៧ ឧសភា (ហើយបន្ទាប់​​មក​ត្រូវ​បានផ្សាយ​ឡើងវិញ លើគេហទំព័រ​របស់ CCTV បាននិយាយថាៈ យើងទាំងអស់គ្នា ដឹងហើយថា ហ្វីលីពីន ជាផ្នែក​ដែនដី​បូរុមបូរាណ​របស់ចិន ហើយហ្វីលីពីន ចំណុះ​អធិបតេយ្យ​ភាពចិន ។ វាជាការពិតដែល​មិនអាច​ជជែកវែកញែកបាន ។

មេដឹកនាំ​ CCTV បានបដិសេធ មិនមាន​យោបល់​អ្វីពីការ​ជ្រុល​ជ្រោះ​នេះ ហើយក៏​មិនបាន​បញ្ជាក់​ថា ស្ថានីយ៍​ទូរទស្សន៍​នឹង​សុំ​ទោសដែរ ឬ អត់ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post