សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​សុក្រ​បានធ្វើ​ការរិះគន់​ចំពោះ​ការបង្កើត​ មូលដ្ឋានទ័ព​ថ្មី​មួយ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេលដែល​ខ្លួន​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​ប​ន្ថូ​រ​បន្ថយ​ភាព​ តានតឹង​នៅក្នុង​សមុទ្រ​ដែលមាន​ជម្លោះ​ដ៏​ក្តៅកគុក ។​
​ចិន​កាលពី​ សប្តាហ៍​មុន​បានប្រកាសថា​ខ្លួន​បាន​បង្កើត​ទីក្រុង​តូច​មួយ​ឈ្មោះ​សាន​សា និង មូលដ្ឋានទ័ព​នៅលើ​កោះ​មួយ​ក្នុង​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល ដោយ​ធ្វើ​ឲ្យ​វៀតណាម និង ហ្វីលីពីន​ដែល​ចោទប្រកាន់​ចិន​ថា​បានធ្វើការ​គំរាមកំហែង​នោះ ខឹងសម្បា​យ៉ាងខ្លាំង ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក ផា​ទ្រី​ក វ៉េ​ន​ត្រេ​ល បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​យើង​មានការ​ព្រួយបារម្ភ​ដោយសារ​ការកើនឡើង​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ ខាងត្បូង និង បាននិងកំពុង​តាមដាន​សភាពការណ៍​យ៉ាង​យកចិត្តទុកដាក់​" ។​

​ លោក​និយាយថា "​ជាពិសេស ការបន្ថែម​កំរិត​រដ្ឋបាល​នៃ​ទីក្រុង​សាន​សា​របស់​ចិន និង ការបង្កើត​មូលដ្ឋាន​យោធា​ថ្មី​មួយ​នៅ​ទីនោះ​ដោយ​គ្របដណ្តប់​លើ​តំបន់​សមុទ្រ ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​គឺ​ផ្ទុយ​នឹង​កិច្ចប្រឹងប្រែង​ផ្នែក​ការទូត​ ប្រកបដោយ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា និង ហានិភ័យ​នានា​កុំ​ឲ្យ​រីករាយ​ដាល​ខ្លាំង​ឡើង​នៅក្នុង​តំបន់​" ។​

​ លោក​វ៉េ​ន​ត្រេ​ល​ក៏បាន​លើកឡើង​ពី "​ជម្លោះ​ពាក្យសម្តី​" និង ឧបត្តិហេតុ​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ដោយ​លោក​និយាយថា "​សហរដ្ឋអាមេរិក​សូម​ជម្រុញ​ឲ្យ​ភាគី​ទាំងអស់​ចាត់វិធានការ​នានា​ដើម្បី​ សម្រាល​ភាព ​តានតឹង​" ។​

​លោក​វ៉េ​ន​ត្រេ​ល​ក៏បាន​លើកឡើង​ម្តង​ទៀតថា សហរដ្ឋអាមេរិក​មាន​ផលប្រយោជន៍​ពី​ស្ថេរភាព និង "​ពាណិជ្ជកម្ម​ស្របតាម​ច្បាប់​ដោយ​គ្មាន​ការរំខាន​" នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងមិន​ឈរ​ខាង​គូ​ជម្លោះ​ណាមួយ​នោះទេ ។​

​ក្រៅពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន​ក៏មាន​ជម្លោះ​ដាច់ដោយឡែក​មួយទៀត​ផង​ដែរ​ជាមួយ​សម្ព័ន្ធមិត្ត​ អាមេរិក​គឺ​ប្រទេស​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត ។ ហើយ​បន្ទាប់មក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក សា​តូ​ស៊ី ម៉ូ​រី​មូ​តុ ក៏បាន​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នៅ​ក្រុង​ វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ ។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ឡេ​អន ផា​ណេ​តា ដែល​ចេញមក​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​រួមគ្នា​ជាមួយ​លោក​ម៉ូ​រី​មូ​តុ បានធ្វើ​ការកើត​សរសើរ​អាស៊ាន​ចំពោះ​ការធ្វើការ​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​ សមុទ្រ​ចិន​ខាងត្បូង និង បាន​អំពាវនាវ​ឲ្យ​មាន​ភាពជឿនលឿន​ថែមទៀត ។​

​ លោក​ផា​ណេ​តា​បាន​និយាយថា "​រឿង​ចុងក្រោយ​ដែល​យើង​ចង់បាន​គឺ​ធ្វើ​ឲ្យ​ជម្លោះ​ដោយផ្ទាល់​ក្នុង​សមុទ្រ​ ចិន​ខាងត្បូង​អនុ​ឡោម​ទៅតាម​បញ្ហា​ផ្លូវច្បាប់ ។ បញ្ហា​ជម្លោះ​ទាំងនោះ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​ជម្លោះ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​អនុ​ឡោម​តាម​ក្រម​ប្រតិបត្តិ ។ ហើយ​សហរដ្ឋអាមេរិក​នឹងធ្វើ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​យើង​អាចធ្វើ​ទៅបាន​ ដើម្បី​ធ្វើការ​ជាមួយ​ជប៉ុន និង ប្រទេស​ដទៃទៀត​ដើម្បី​ធានាថា​នេះ​គឺជា​វិធីសាស្ត្រ​ដែល​យើង​អនុវត្ត​" ៕ ប្រភពព័ត៌មាន : CEN

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post