Posted by Email:knewdaynews@yahoo.com Friday, October 5, 2012

អតីត​ប្រធានាធិបតី​ហ្វីលីពីន អារ៉ូ​យ៉ូ ត្រូវបាន​ចាប់ខ្លួន

ប៉ូលិស ​បាន​ចាប់ខ្លួន អតីត​ប្រធានាធិបតី​ហ្វីលីពីន លោកស្រី ក្លូ​រៀ ម៉ា​កា​ប៉ា​ហ្គាល់​-​អារ៉ូ​យ៉ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​តាម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​ត្រូវបាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មួយ​។ នេះ​ជា​ការចោទប្រកាន់​លើក​ទី​៣​ប្រឆាំង​លោក​ស្រី និង​ជា​ការឃុំខ្លួន​លើក​ទី​២​ចាប់តាំងពី​លោកស្រី​បាន​ចុះចេញ​ពី​អំណាច​កាលពី ​២​ឆ្នាំ​កន្លងទៅនេះ​។​
​តុលាការ​ហ្វីលីពីន បាន​បញ្ជា​អោយមាន​ការចាប់ខ្លួន​លោកស្រី តាម​ការចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ថវិកា​រដ្ឋ​ខុស​គោលដៅ​ចំនួន​៨,៨​លាន​ ដុល្លារ​ក្នុងអំឡុងពេល​លោកស្រី​បាន​កាន់​អំណាច​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ ចុងក្រោយ​។​

​លោក ចូ​អែល កូរ៉ូ​នែល ជា​មន្ត្រី​ប៉ូលិ​ជាន់ខ្ពស់​ហ្វីលីពីន បាន​និយាយថា ប៉ូលិស​បាន​ចេញ​ដីកា​ចាប់ខ្លួន លោកស្រី ក្លូ​រៀ ម៉ា​កា​ប៉ា​ហ្គាល់​-​អារ៉ូ​យ៉ូ ដែល​កំពុង​មាន​ជម្ងឺ​ឈឺ​ឆ្អឹងខ្នង​ដ៏​រ៉ាំរ៉ៃ​នេះ នៅ​មន្ទីរពេទ្យ​យោធា​ជាទី​ដែល​លោកស្រី​បាន​កំពុង​ទទួល​ការព្យាបាល​ជម្ងឺ​នេះ ។​

​លោក​ស្រីក្លូ​រៀ ម៉ា​កា​ប៉ា​ហ្គាល់​-​អារ៉ូ​យ៉ូ អាយុ​៦៥​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១០៕ ប្រភពព័ត៌មាន ៖ CEN

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post