ថ្ងៃទី 14 ខែមីនា ឆ្នាំ2013, ម៉ោង 12:25 AM ប្រែសម្រួលៈ ស៊ុនហ្វាន

អាមេរិក (BBC): លោកបារ៉ាក់ អូបាម៉ា (Barack Obama) បាននិយាយក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍ថា អាមេរិក កំពុងធ្វើការចរចាដ៏តានតឹងមួយ ជាមួយចិន ពាក់ព័ន្ធអ្វី ដែលក្រុងវ៉ាស៊ិងតោន ចោទប្រកាន់ថា ក្រុងប៉េកាំង បានវាយប្រហារលើប្រព័ន្ធសៃបឺរ( Cyber) នៅអាមេរិក។
លោកអូបាម៉ា បានប្រាប់ទូរទស្សន៍ ABC News ថា បញ្ហាមួយចំនួន មិនមែនទាំងអស់ទេ មានប្រភពពីចិន ហើយលោកនឹងជំរុញសភាផ្តោតការយកចិត្តទុកដាក់លើសង្គ្រាមសៃបឺរនេះ។
លោកបាននិយាយថា” ការវាយប្រហារមួយចំនួន ទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន និងមួយភាគទៀត ដោយក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ យើងនឹងចរចាជាមួយចិន ពីករណីនេះ”។
លោកប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ដូចនេះ នៅមួយថ្ងៃ បន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយថា ការវាយប្រហារលើប្រព័ន្ធសៃបឺរ ជាបញ្ហាមួយ ដូចគ្នានឹងភេរវកម្មផងដែរ ហើយវាជាការគំរាមកំហែងដល់សន្តិសុខយ៉ាងខ្លាំង។
ទាក់ទិននឹងការចោទប្រកាន់នេះ ប្រទេសចិន បានបដិសេធ ដោយនិយាយថា ខ្លួនចាជនរងគ្រោះ នៃការវាយប្រហារនេះ។
គួររំលឹកថា កាលពីខែមុន របាយការណ៍មួយពីក្រុមហ៊ុនសន្តិសុខអាមេរិក Mandiant បាននិយាយថា កងឯកភាពមួយកង នៃកងទ័ពរំដោះប្រជាជនចិន បានវាយប្រហារលើប្រព័ន្ធទិន្នន័យ របស់អង្គការជាង១៤០ ដែលមានមូលដ្ឋាន នៅអាមេរិក។