(ចេញផ្សាយថ្ងៃទី 09-05-2014, 8:00 pm) | FPM

បុរសខ្លាំង វ៉្លាដឺមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកំពុងត្រូវបានហ៊ុមព័ទ្ធ ដោយទណ្ឌកម្មពីសំណាក់បណ្ដា ប្រទេសលោកខាងលិច ដោយសារការពាក់ព័ន្ធរបស់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែននោះ ត្រូវបានវិមានក្រឹមឡាំងបញ្ជាក់កាល ពីថ្ងៃព្រហស្បត្តិ៍នេះថា គ្រោងនឹងចូលរួមពិធីថ្នាក់អន្តរជាតិមួយនៅប្រទេសបារាំងខែក្រោយ ទីដែលលោកអាចនឹងជួបនឹង មេដឹកនាំពិភពលោកជាច្រើន រួមទាំងក្រុមប្រទេសដែលកំពុងកាន់ជើងអ៊ុយក្រែន និងថ្កោលទោសរុស្ស៊ីផង។
លោក ពូទីន ត្រូវបានអញ្ជើញតាំងតែពីខែមករា ដោយក្រសួងការបរទេសបារាំង ឱ្យចូលរួមពិធីបុណ្យ D Day ខួបលើកទី ៧០ឆ្នាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦មិថុនាខាងមុខ នៃការវាយឡើងគោករបស់បណ្ដាប្រទេសសម្ព័ន្ធមិត្ត នៅក្រុង បារាំងជាប់មាត់សមុទ្រ ណរម៉ង់ឌី វាយបកប្រឆាំង នឹងកងកម្លាំងណាស៊ីអាឡឺម៉ង់ និងដែលជាសញ្ញាឈានទៅរកទីបញ្ចប់ នៃសង្គ្រាមលោកលើកទី២។
មេដឹកនាំពិភពលោកសំខាន់ៗស្ទើរតែទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីនេះ ដែលក្នុងនោះ រួមមានទាំងលោក ប្រធានាធិបតីសហរដ្ឋអាមេរិច លោកស្រីអធិការបតីអាឡឺម៉ង់ ម្ចាស់ក្សត្រីយានីយ៍នៃប្រទេសអង់គ្លេសជាដើម។ តាមរយៈ វត្តមានចម្រុះនៃក្រុមប្រទេសដែលមានសិទ្ធិសម្រេចវាសនាពិភពលោកទាំងនេះ លោក ពូទីន ត្រូវបានរំពឹងថានឹង ប្រើប្រាស់ឱកាសក្នុងពិធី D Day នេះ ដើម្បីបង្ហាញពីភាពរឹងមាំរបស់រុស្ស៊ីប្រឈមនឹងទណ្ឌកម្មលោកខាងលិច ហើយក៏អាច ជាឱកាសល្អដើម្បីជជែកពិភាក្សាជាមួយក្រុមមេដឹកនាំលោកខាងលិច រកច្រកចេញនៃវិបត្តិដែលកាន់តែក្ដៅនៅអ៊ុយក្រែន ផងដែរ។
បើទោះជាសេតវិមានបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីពេលថ្មីៗ ថាគ្មានឡើយ ជំនួបពូទីន-អូបាម៉ា នាឱកាសពិធីបុណ្យ D Day នៅណរម៉ង់ឌៅ នាពេលខាងមុខ ប៉ុន្តែបណ្ដាសារព័ត៌មានរុស្ស៊ីបានផ្សាយក្នុងពេលព្រមគ្នាថា លោក ពូទីន អាចនឹងជួបលោកស្រីអធិការបតីអាឡឺម៉ង់ អង់ជេឡា មើកែល ឬក៏លោកប្រធានាធិបតីអាមេរិច បារ៉ាក់ អូបាម៉ា នៅទីនោះ។
គួររំឭកផងដែរថា ប្រទេសអ៊ុយក្រែន ត្រូវបានពិភពលោកមើលឃើញក្នុងពេលប៉ុន្មានថ្ងៃនេះថា បានឈានជិតដល់ដំនាក់ កាល សង្គ្រាមស៊ីវិលពេញបន្ទុកហើយ ខណៈដែលប្រតិបត្តិការណ៍បោសសម្អាតក្រុមផ្ដាច់ខ្លួន ដែលគេជឿជាក់ថាមានការ គាំទ្រយ៉ាងស្ងាត់ស្ងៀមពីរុស្ស៊ី ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន បានពើបប្រទះនឹងការតបតស្មើដៃគ្នាពីសំណាក់ក្រុមឧទ្ទាម វិញ ហើយភាគខាងកើតអ៊ុយក្រែនកំពុងជួបនូវវិបត្តិផ្នែកសន្តិសុខ និងស្ថិរភាពជាខ្លាំង៕