ដោយ ៖ សាធី
ថ្ងៃទី 02-02-2012 ម៉ោង 13:40:20 ចំនួនអ្នក ស្លាប់ដោយអាកាសធាតុ ត្រជាក់នៅអឺរ៉ុបកើនដល់៨០នាក់ហើយ មកទល់ពេលនេះ ក្នុងពេលដែលអាកាស ធាតុបន្ដត្រជាក់ជាប្រវត្ដិសាស្ដ្រនោះធ្វើ ឱ្យសកម្មភាពរបស់ពលរដ្ឋនៅប្រទេស ជាច្រើនត្រូវជាប់គាំងស្ទើរតែទាំងស្រុង។
នៅក្នុងប្រទេសអ៊ុយក្រែនកាលពី ថ្ងៃ ទី២ កុម្ភៈ មានអ្នកស្លាប់ដោយអាកាស ធាតុត្រជាក់កើនដល់៤៣នាក់ ក្នុងនោះ មាន១៣នាក់ស្លាប់នៅយប់ថ្ងៃទី១ កុម្ភៈ។ ភាគច្រើននៃជនរងគ្រោះ ជាជនអនាថា គ្មានផ្ទះសំបែង ។ ក្រៅពីនេះ នៅមាន ពលរដ្ឋស្លាប់៧នាក់ទៀត នៅក្នុងផ្ទះរបស់ ខ្លួន ដោយមិនអាចស៊ូទ្រាំអាកាសធាតុ ត្រជាក់នោះ ។
ពលរដ្ឋ៧២០នាក់ សំរាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យ ដោយកំដៅនៅក្នុងរាង្គ កាយធ្លាក់ចុះ រឹងដៃរឹងជើង ស្ពឹក ។ បណ្ដា សាលានៅទីក្រុងគីវត្រូវបិទទ្វារទាំងអស់ផងដែរ ។
ចំណែកនៅប្រទេសប៉ូឡូញវិញ ក្រសួង មហាផ្ទៃប៉ូឡូញបានប្រកាសឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងដោយអាកាសធាតុត្រជាក់ធ្វើឱ្យអ្នកស្លាប់កើនដល់២៧នាក់ហើយ ក្នុង ប្រទេសនេះ ។
ដោយឡែកនៅភាគខាងត្បូងប្រទេស សាធារណរដ្ឋឆេក ក៏មានអ្នកស្លាប់១០ នាក់ និងច្រើននាក់ផ្សេងទៀត ដែលមិន ទាន់អាចប្រមូលព័ត៌មានបានច្បាស់លាស់ ។
នៅប្រទេសរូម៉ានីឯណោះវិញ សីតុណ្ហ ភាពធ្លាក់ចុះក្រោយសូន្យ រហូតដល់ -២២អង្សាសេ តំបន់ជាយក្រុងមានរហូត ដល់ -២៩អង្សាសេ ។ អកាសធាតុត្រជាក់ នោះ ក៏បានសម្លាប់មនុស្ស៨នាក់ ក្នុង នោះមានកុមារម្នាក់ផងដែរ ដោយនៅ ក្នុងផ្ទះគ្មានចង្ក្រានកំដៅ ។
អាកាសធាតុត្រជាក់ធ្លាក់ព្រិលយ៉ាង ក្រាសគ្របដណ្ដប់ភាគខាងកើតអឺរ៉ុបទាំង មូល ។ នៅក្នុងប្រទេសអាល្លឺម៉ង់ក៏មាន មនុស្ស២នាក់ស្លាប់ ។ ចំណែកប្រទេស អ៊ីតាលី ចរាចរកកស្ទះដោយផ្លូវថ្នល់គ្រប ដណ្ដប់ដោយព្រិល ។ រថយន្ដធុនធ្ងន់ ហាមមិនឱ្យចរាចរឡើយនៅពេលនេះ ។ ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌអ៊ីតាលី ស៊េរីអេ ក៏ត្រូវពន្យារពេលដែរ ។ អ៊ីតាលី មិនធ្លាប់រងអាកាសធាតុត្រជាក់បែបនេះ ឡើងរយៈពេល២៧ឆ្នាំកន្លងមក ។
ដោយឡែកនៅក្នុងប្រទេសប៊ូស្នានិង សឺបៀ បានបញ្ជូនឧទ្ធម្ភាគចក្រយកស្បៀង អាហារទៅចែកចាយដល់ពលរដ្ឋតំបន់ ដាច់ស្រយាលដែលកកស្ទះដូចជានៅក្នុង គុកមិនអាចចេញទៅណាបាននោះឡើយ។
ក្រុមព្យាករណ៍ឧតុនិយម តំបន់អឺរ៉ុប បានប្រកាសថា សីតុណ្ហភាពបានបន្ដ ត្រជាក់ជាច្រើនថ្ងៃខាងមុខទៀត ហើយ សីតុណ្ហភាពរតជាក់បំផុតនៅពេលនេះ គឺ -៣០អង្សាសេ ។
រដ្ឋាភិបាលនិងអង្គការសង្គមស៊ី វិល បណ្ដាលប្រទេសតំបន់អឺរ៉ុបខាងកើតបាន ខិតខំបង្កើតជំរុំបណ្ដោះអាសន្នសំរាប់ឱ្យ ពលរដ្ឋដែលគ្មានផ្ទះសំបែងស្នាក់នៅ ។ ក្នុងប្រទេសអ៊ុយក្រែន ក៏បានបង្កើតទី កន្លែងកំដៅចល័ត១៧៣០កន្លែង ដើម្បី បំពេញតម្រូវការរបស់ពលរដ្ឋ ៕





