ដោយ​ ៖ សាធី
ថ្ងៃទី 01-02-2012 ម៉ោង 14:03:08 ​សារព័ត៌មាន ​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ អង្គការសហប្រជាជាតិ​បាន​ប្រកាស​អាសន្ន​ពី​កង្វះ​ស្បៀងអាហារ​ ថាមពល​ ទឹក​ស្អាត​ គួប​ផ្សំ​ជាមួយ​គ្រោះ​ធម្មជាតិ​អាច​បណ្ដាល​ឱ្យ​មនុស្ស​៣​ពាន់​លាន​នាក់​ ធ្លាក់​ក្នុង​សភាព​ក្រីក្រ​ ។​
​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ អង្គការសហប្រជាជាតិ​ដល់​ឆ្នាំ​២០៣០​ ទិន្នផល​ស្បៀងអាហារ​នៅ​លើ​ពិភពលោក​ចាំបាច់​ត្រូវ​កើនឡើង​ប្រមាណ​៥០​ភាគរយ​ ថាមពល​ត្រូវ​កើនឡើង​៤៥​ភាគរយ​ និង​ទឹក​ស្អាត​កើនឡើង​៣០​ភាគរយ​ទើប​អាច​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​ របស់​ពលរដ្ឋ​ជាង​៧​ពាន់​លាន​នាក់​ ។​
​តាម​របាយការណ៍​របស់​ អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ រូបមន្ដ​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​នា​ពេល​ប​ច្ចុ​ប្ប​ន្ម​គ្មាន​លំនឹង​ដោយ​ ប្រទេស​ជា​ច្រើន​ពឹងផ្អែក​លើ​ប្រភព​ធនធានធម្មជាតិ​ដែល​កាន់តែ​រីងស្ងួត​ពី​ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ហើយ​ការ​រីងស្ងួត​រិច​រិល​នៃ​ប្រភព​ធនធាន​នោះ​នឹង​បង្ក​គ្រោះថ្នាក់​ យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំងមូល​ ។​ ចាប់តាំងពី​ឆ្នាំ​២០០០​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​២០​នាក់​នៅ​លើ​ពិភពលោក​ ខ្វះ​អាហារូបត្ថម្ភ​ ។​ ព្រៃឈើ​៥,២​លាន​ហិ​កតា​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀង​រាល់​ឆ្នាំ​ ។​ ៨៥​ភាគរយ​នៃ​ធនធាន​មច្ឆារ​ក៏​បាន​បាត់បង់​ ហើយ​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំង​បំផុត​នោះ​គឺ​កម្រិត​នៃ​ឧស្ម័ន​ពុល​ កាបូនឌីអុកស៊ីត​ កើនឡើង​៣៨​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​១៩៩០​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ អង្គការ​យូ​នី​សេ​ហ្វ​បាន​ស្នើ​ឱ្យ​ផ្ដល់​ជំនួយ​មូលនិធិ​ជា​ទឹកប្រាក់​ ប្រមាណ​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​កុមារ​ក្នុង​ឆ្នាំ​២០១២​នេះ​ ។​
​កាលពី​ថ្ងៃ​ទី​៣១​ មក​រា​ មូលនិធិ​កុមារ​អន្ដរជាតិ​យូ​នី​សេ​ហ្វ​ បាន​អំពាវនាវ​ដល់​សហគមន៍​អន្ដរជាតិ​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​១,៣​ពាន់​លាន​ ដុល្លារ​ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​កុមារ​នៅ​ទូ​ទាំង​ពិភពលោក​នា​ ឆ្នាំ​២០១២​ ពិសេស​កុមារ​នៅ​២៥​ប្រទេស​ដែល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​គ្រោះ​មហន្ដរាយ​ ធម្មជាតិ​ និង​សង្គ្រាមស៊ីវិល​ ។​
​តាម​របាយការណ៍​ស្ដី​ពី​សកម្មភាព​ មនុស្សធម៌​សម្រាប់​កុមារ​នៅ​ឆ្នាំ​២០១២​ យូ​នី​សេ​ហ្វ​បាន​លើក​ឡើង​ពី​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ បន្ទាន់​ដល់​កុមារ​នៅ​ឆ្នាំ​២០១១​ ។​ ប៉ុន្ដែ​តម្រូវការ​ជំនួយ​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​ និង​យូរអង្វែង​សម្រាប់​កុមារ​រាប់​លាន​នាក់​ក្នុង​ឆ្នាំ​២០១២​ជា​បន្ដ​ទៀត​ ។​ តំបន់​អាហ្វ្រិក​ កុមារ​ជា​ច្រើន​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរភិក្ស​ ។​ ពលរដ្ឋ​ប៉ា​គី​ស្ថាន​ជាង​៥​លាន​នាក់​បន្ដ​រង​ឥទ្ធិពល​ឆ្នាំ​ទី​២​បណ្ដាល​មក​ ពី​គ្រោះ​ទឹកជំនន់​ជា​ប្រវត្ដិសាស្ដ្រ​ ។​ សកម្មភាព​ជួយ​ដល់​កុមារ​ហៃ​ទី​ក្រោយ​គ្រោះ​មហន្ដរាយ​ធម្មជាតិ​រញ្ជួយ​ដ៏​ ធ្ងន់ធ្ងរ​បំផុត​កាលពី​២​ឆ្នាំ​មុន​ ក៏​ដូច​ជា​តម្រូវការ​ជំនួយ​មនុស្សធម៌​ជា​ច្រើន​ទៀត​នៅ​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ខាងជើង​ដោយសារ​តែ​វិបត្ដិ​នយោបាយ​ ។​
​យូ​នី​សេ​ហ្វ​កំពុង​តែ​ធ្វើ​សកម្មភាព ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ជួយ​ស្រោចស្រង់​អាយុជីវិត​កុមារ​ និង​ស្ដ្រី​រាប់​សែន​នាក់​នៅ​ទ្វីបអាហ្វ្រិក​ដូច​ជា​ សាធារណរដ្ឋ​កុង​ហ្គោ​ អាហ្វ្រិក​កណ្ដាល​ ស៊ូ​ដង់​ខាងត្បូង​ និង​កូ​ឌី​វ័​រ​...​ ។​
​អគ្គនាយក​យូ​នី​សេ​ហ្វ​លោកស្រី​ Anthony​ Lake​ បាន​បញ្ជាក់​ថា​ តម្រូវការ​មនុស្សធម៌​ជា​បន្ទាន់​ និង​យូរអង្វែង​សម្រាប់​កុមារ​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ ដែល​មាន​វិវាទ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​តម្កាត់​ក៏​បាន​គំរាមកំហែង​ដល់​អាយុជីវិត​កុមារ​ រាប់​លាន​នាក់​ទៀត​ផង​ ។​ នៅ​ឆ្នាំ​២០១១​ យូ​នី​សេ​ហ្វ​បាន​ជួយ​ផ្គត់ផ្គង់​សម្ភារ​ចាំបាច់​សម្រាប់​ការ​សិក្សា​ដល់​ កុមារ​ហៃ​ទី​ជាង​១​សែន​នាក់​ ។​ តាម​ប្រសាសន៍​របស់​លោកស្រី​ឱ្យ​ដឹង​ថា​ កុមារ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ងាយស្រួល​រង​ផល​ប៉ះពាល់​ត្រូវការ​ជំនួយ​ មនុស្សធម៌​ជា​បន្ទាន់​ដើម្បី​ស្ថិតស្ថេរ​លើ​ភព​ផែនដី​ បញ្ចៀស​ជំងឺ​តម្កាត់​ និង​តម្រូវការ​សិក្សា​រៀនសូត្រ​ ។​
​បម្រែបម្រួល​អាកាសធាតុ​បណ្ដាល​មក​ពី​ ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​លើ​ពិភពលោក​បង្ក​ឱ្យ​មាន​គ្រោះ​ មហន្ដរាយ​ធម្មជាតិ​ជា​ច្រើន​បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​ ។​
​ប្រទេស​មួយ​ចំនួន​មិន​ទាន់​ងើបឡើង​ វិញ​ក្រោយ​គ្រោះ​ធម្មជាតិ​បំផ្លាញ​ដូច​ជា​ ហៃ​ទី​ ប៉ា​គី​ស្ថាន​ និង​ប្រទេស​ជា​ច្រើន​ទៀត​ ក៏​ស្រាប់តែ​មាន​គ្រោះ​ធម្មជាតិ​ថ្មីៗ​វាយប្រហារ​ដោយ​ចៃដន្យ​ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​ត្រៀមលក្ខណៈ​ទប់ទល់​បាន​ល្អ​ប្រសើរ​ ។​
​ គ្រាន់តែ​នៅ​ដើមឆ្នាំ​២០១២​ មាន​គ្រោះ​ធម្មជាតិ​ជា​ច្រើន​បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​បំផ្លាញ​ ទ្រព្យសម្បត្ដិ​ និង​អាយុជីវិត​យ៉ាងច្រើន​ ។​

​ភ្លៀង​ធ្លាក់​ខ្លាំង​អូស​បន្លាយ​ជា​ ច្រើន​ថ្ងៃ​នៅ​តំបន់​ភ្នំ​ Argopuro​ ភាគ​ខាងកើត​កោះ​ចា​វ៉ា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ធ្វើ​ឱ្យ​កម្រិត​ទឹក​តាម​ដង​ទន្លេ​កើនឡើង​ខ្ពស់​ លិច​ច្រាំង​បង្ក​ជា​ទឹកជំនន់​ពន្លិច​ផ្ទៃដី​ទ្រង់ទ្រាយ​ធំ​ បណ្ដាល​ឱ្យ​មនុស្ស​៦​នាក់​បាត់​ខ្លួន​ និង​ខាតបង់​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ ។​
​ក្រសួង​គ្រប់គ្រង​ និង​កាត់​បន្ថយ​គ្រោះ​មហន្ដរាយ​ធម្មជាតិ​ឥណ្ឌូ​នេ​ស៊ី​ បានឱ្យ​ដឹង​ថា​ ទឹកជំនន់​បាន​កើតឡើង​ដោយ​ចៃដន្យ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​មិន​អាច​ត្រៀមលក្ខណៈ​ទប់ទល់​ទាន់​ពេលវេលា​ ។​ ផ្ទះ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​ សត្វ​ចិញ្ចឹម​ជា​ច្រើន​ត្រូវ​ទឹកជំនន់​កួច​ទៅ​បាត់​។​ ទឹកជំនន់​បាន​បំផ្លាញ​ទី​សាធារណ​ជា​ច្រើន​ ដូច​សាលារៀន​ ប្រព័ន្ធ​ចរាចរណ៍​ត​ភ្ជាប់​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ។​ ពេល​នេះ​ ក្រុម​ជួយ​សង្គ្រោះ​ និង​កម្លាំង​ទាហាន​ បាន​ទៅ​ដល់​កន្លែង​រង​គ្រោះ​ធ្ងន់ធ្ងរ​ជួយ​ ដល់​ប្រជាពលរដ្ឋ​ ។​
​ក្នុង​ពេល​នោះ​ដែរ​ពលរដ្ឋ​នៅ​ប្រទេស​ ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ដូច​ជា​ អ៊ុយ​ក្រែ​ន​ ប៉ូ​ឡូញ​ ប៊ុល​ហ្គា​រី​...​ កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ត្រជាក់​ខុស​ប្រក្រតី​ ។​ ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ខែមករា​នេះ​បណ្ដាល​ឱ្យ​មាន​ អ្នក​ស្លាប់​៣៦​នាក់​ ។​ សាលារៀន​ជា​ច្រើន​ត្រូវ​បិទទ្វារ​ ចរាចរ​មានការ​កកស្ទះ​ ហើយ​តំបន់​មួយ​ចំនួន​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទៀត​ផង​ ។​
​តាម​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​៣០-៣១ ​ មក​រា​ តំបន់​ជា​ច្រើន​មាន​សីតុណ្ហភាព​ធ្លាក់​ចុះ​រហូត​ដល់​-២០​អង្សា​សេ​ ។​ មន្ដ្រី​ទទួលខុសត្រូវ​បាន​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ និង​ផ្គត់ផ្គង់​ស្បៀងអាហារ​ ថាមពល​សម្រាប់​ដុត​កម្ដៅ​ ។​
​ដោយឡែក​នៅ​ក្នុង​ប្រទេស​ប៉េ​រូ​មាន​ គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,២​រ៉ិ​ច​ទ័​រ​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​នេះ​ បណ្ដាល​ឱ្យ​មនុស្ស​១២៣​នាក់​រង​របួស​ ។​ តាម​មន្ដ្រី​ប៉េ​រូ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​រង​របួស​ទាំងនោះ​អាច​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ​នា​ពេល​ឆាប់ៗ​ ដោយសារ​តែ​របួស​សើរ​ស្បែក​ប៉ុណ្ណោះ​ ។​ តែ​ការ​រញ្ជួយ​ដី​នោះ​ក៏​បាន​បំផ្លាញ​ផ្ទះ​៥៣​ខ្នង​ផង​ដែរ​ ហើយ​កាត់​ផ្ដាច់​ប្រព័ន្ធ​ទំនាក់​ទំនងជា​ច្រើន​ម៉ោង​ ។​ តាម​ក្រុម​ផែនដីវិទ្យា​ប៉េ​រូ​បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នោះ​មាន​ជម្រៅ​៣៥​គីឡូម៉ែត្រ​ ។​
​រញ្ជួយ​ដី​កម្រិត​៦,២​រ៉ិ​ច​ទ័​រ​នា​ ពេល​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នា​ ដើមឆ្នាំ​២០១២​ ។​ កន្លង​មក​កាលពី​ឆ្នាំ​២០០៧​ ប្រទេស​នេះ​ក៏​រង​ការ​រញ្ជួយ​ដី​កម្រិត​៨​រ៉ិ​ច​ទ័​រ​ផង​ដែរ​ ៕


Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post