យោង​តាម​កាសែតLOS ANGELS TIMES ឲ្យ​ដឹង​ថា ក្រុង​វ៉ាស៊ីនតោន​កន្លង​មក​បាន​ព្រមាន​​​ប្រធានា​ធិបតី​ស៊ីរី​លោក បាសា អាសាដ ថា ថ្ងៃ​អវសាន​របស់​លោក​ជិត​មក​ដល់​ហើយ , ប៉ុន្តែ​ឥឡូវ​នេះ​ខ្លួន​កំពុង​តែ​ជួប​បញ្ហា​ស្មុគ្រស្មាញ មិន​ដឹង​ថា តើ​ត្រូវ​បណ្ដេញ មេដឹកនាំ​ក្បាល​រឹង​ដែល​បាន​តាំង​ចិត្ត​បង្រ្កាប​​ការ​បះបោរ រយៈពេល​១១​ខែ ​រូប​នេះ​ដោយ​វិធី​ណា ?
ប្រធានាធិបតី ស៊ីរី បាសា អាសាដ
ជម្រើស​ដែល​ខ្លួន​កំពុង​ពិចារណា​ដិតដល់​នោះ គឺ​ការ​បំពាក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម រី​ឯ​ជម្រើស​មួយ​ទៀត​នោះ​​គឺ​ការ​ឈរ​ឱប​ដៃ​មើល​តែ​ម្ដង ​ប្រសិន​បើ​សម្ព័ន្ធ​មិត្ត នៅ​ឈូង​សមុទ្រ​ពែក្ស​របស់​ខ្លួន​មិន​ខ្ចី​អើ​ពើ ។
ក្រុង​វ៉ាស៊ីន​តោន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា ​ខ្លួន​មិន​គាំ​ទ្រ​ដល់​ការ​បំពាក់​អាវុធ​ដល់​ក្រុម​ប្រឆាំង​ឡើយ  យ៉ាង​ហោច​ណាស់​មិន​មែន ពេល​នេះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ដូច្នេះ​ពី​ថ្នាក់​ដឹកនាំ​ សភា​មួយ​ចំនួន​ក៏​ដោយ ។ ក៏​រដ្ឋការ​របស់​លោក អូបាម៉ា បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ ខ្លួន​កំពុង​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ការ​រៀប​ចំ​ក្រុម​ទំនាក់ទំនង មួយ​ដើម្បី​រិត​ចំណង​សាម​គ្គី​ភាព ឲ្យ​កាន់​តែ​ខ្លាំង​ជា​មួយ​ក្រុម​ប្រឆាំង នឹង រដ្ឋាភិបាល​ស៊ីរី និង​ធ្វើ​ការ​គាប​សង្កត់​រដ្ឋាភិបាល​លោក​អាសាដ ផ្នែក​សេដ្ឋកិច្ច  ។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​ការ​ទូត​នានា​បាន​សម្ដែង​ការ យល់​ឃើញ​របស់​​ខ្លួន​ថា ​បើ​ទោះ​ជា​កិច្ច​ប្រឹងប្រែង​នេះ មាន​សារៈ​សំខាន់ ក៏​ដោយ ក៏​វា​នឹង​មិនមាន​ប្រសិទ្ធ​ភាព​ដែរ ខណៈ​ការ​ស្លាប់​នៃ​ប្រជាជន​ ស៊ីរី នៅ​តែ​បន្ត​កើន​ឡើង​នោះ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post