ដោយ ៖ សាធី
ថ្ងៃទី 24-02-2012 ម៉ោង 14:41:48 យន្ដហោះ យោធាអាមេរិក២គ្រឿងបានបុកគ្នាពេលហ្វឹកហាត់នាពេលយប់នៅតំបន់ វាលរហោឋានព្រំដែនរដ្ឋអារីសូណា និងកាលីហ្វ័រនីញ៉ា បណ្ដាលឱ្យទាហាន៧នាក់នៅលើយន្ដហោះទាំង២គ្រឿងនោះបាត់បង់ជីវិត ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៣ កុម្ភៈ ដោយឧទ្ធម្ភាគចក្រ២គ្រឿងប្រភេទ AH-1W Cobra និង UH-1Huey បានបុកគ្នានៅតំបន់ដាច់ស្រយាលនៃជំរំហ្វឹកហាត់Yuma ។
លោក Maureen Dooley មេបញ្ជាការកងទ័ពប្រចាំនៅទីតាំងទ័ពអាកាស Miramar រដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ទាហានដែលរងគ្រោះទាំងនោះស្ថិតនៅក្នុងកងពល Marine Aircraf Wing ឈរជើងនៅទីតាំង Pendleton ស្ថិតនៅភាគខាងជើងទីក្រុង San Diego ។ លោកបន្ដទៀតថា កាលពីថ្ងៃទី២៣ កុម្ភៈ យើងទទួលបានព័ត៌មានជាច្រើនជុំវិញហេតុការណ៍គ្រោះថ្នាក់នោះ ។ មកទល់ពេលនេះអត្ដសញ្ញាណជនរងគ្រោះមិនទាន់បានប្រកាសជាផ្លូវការ នៅឡើយទេ។
លោក Staci Reidinger កងកម្លាំងទាហានជើងទឹកវាយឡើងគោកដែលឈរជើងនៅទីតាំងទ័ពអាកាស Yuma បានឱ្យដឹងថា គ្រោះថ្នាក់កើតឡើងនៅភាគខាងលិចនៃភ្នំ Chocolate Mountains រដ្ឋកាលីហ្វ័រនីញ៉ា ដែលជាតំបន់មិនសូវមានពលរដ្ឋរស់នៅនោះឡើយ ។
រយៈពេល១០ឆ្នាំកន្លងមកទាហានអា មេរិកតែងតែជួបគ្រោះថ្នាក់នៅពេលកំពុងហ្វឹកហាត់ ។ ដោយឡែកនៅឆ្នាំ២០១១ ពិសេសនៅទីតាំងទាហានជើងទឹកវាយឡើងគោកនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រ នីញ៉ា មានគ្រោះថ្នាក់ជាច្រើនបានកើតឡើងពេលកំពុងហ្វឹកហាត់ ។
កាលពីខែកញ្ញា ២០១១ ក៏មានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅទីតាំង Pendleton បណ្ដាលឱ្យទាហាន២នាក់បាត់បង់ជីវិត ។ កាលពីខែសីហា ក៏មានយន្ដហោះចម្បាំង១គ្រឿងប្រភេទ F/A-18 Hornet ក៏បានដាំក្បាលធ្លាក់ចូលមហាសមុទ្រអាត្លង់ទិចក្នុងពេលហ្វឹកហាត់ បណ្ដាលឱ្យនាវឹក២នាក់ត្រូវលោតឆត្រចូលក្នុងសមុទ្រ ៤ម៉ោងក្រោយមកទើបមានគេមកជួយសង្គ្រោះ ៕
