ថ្ងៃទី 04-02-2012 ម៉ោង 13:16:54 មេដឹកនាំ សាសនាដ៏មានឥទ្ធិពលបំផុតនៅអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ប្រកាសថា នឹងផ្ដួលរំលំអ៊ីស្រាអែល ប្រសិនបើប្រទេសនេះវាយប្រហារអ៊ីរ៉ង់ ។ ការប្រកាសរបស់លោក Ayatollah Ali Khamenei លើកឡើងក្នុងពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការ វាយប្រហារទៅលើទីតាំងបរមាណូអ៊ីរ៉ង់ ពីសំណាក់អ៊ីស្រាអែល ។
នៅក្នុងសុន្ទរកថាដែលអូសបន្លាយ រយៈពេលជាង២ម៉ោងតាមកញ្ចក់ទូរទស្សន៍ជាតិអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្ដរជាតិទៅលើកម្មវិធី បរមាណូរបស់ប្រទេសនេះ ទន្ទឹមនឹងនោះលោកក៏បានស្បថថា នឹងតបតវិញយ៉ាងស័ក្ដិសមបំផុតប្រសិនបើអ៊ីស្រាអែល និងអាមេរិកប្រើប្រាស់កម្លាំងយោធាមកលើប្រទេសនេះ ។
ឆ្លើយតប នឹងការគំរាមកំហែងធ្វើសង្គ្រាមពីសំណាក់អ៊ីស្រាអែល លោក Ayatollah Ali Khamenei បានប្រៀបធៀបអ៊ីស្រាអែលដូចជាដុំពកជំងឺមហារីកចាំបាច់ត្រូវតែ កាត់ចោល ។
ការគំរាមកំហែងរបស់លោក Ayatollah Ali Khamenei លើកឡើងក្រោយពេលរដ្ឋមន្ដ្រីក្រសួងការពារជាតិអាមេរិក លោក Leon Panetta ប្រកាសថា អ៊ីស្រាអែលអាចនឹងបើកការវាយប្រហារដោយឯកតោភាគីទៅលើទីតាំងបរមាណូ របស់អ៊ីរ៉ង់ក្នុងអំឡុងខែមេសា ដល់មិថុនា ខាងមុខ ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិអ៊ី ស្រាអែល លោកអ៊ីហឺត បារ៉ាក់ បានបញ្ជាក់ថា ប្រសិនបើការដាក់ទណ្ឌកម្មរបស់លោក ខាងលិចទៅលើអ៊ីរ៉ង់គ្មានប្រសិទ្ធភាពទេ នោះ អ៊ីរ៉ង់នឹងរងការវាយប្រហារដោយ កម្លាំងយោធា ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅ អ៊ីស្រាអែល លោកអ៊ីហឺត បារ៉ាក់ បញ្ជាក់ ថា “សហគមន៍អន្ដរជាតិ ចាំបាច់ត្រូវតែ រារាំង អ៊ីរ៉ង់ក្លាយទៅជាប្រទេសបរមាណូ ដោយប្រើគ្រប់មធ្យោបាយ”។ លោកបន្ដ ទៀតថា ក្នុងករណីដែលច្បាប់ដាក់ទណ្ឌ កម្មគ្មានប្រសិទ្ធភាព នឹងមិនអាចរារាំង កម្មវិធីបរមាណូរបស់អ៊ីរ៉ង់នោះ គឺដល់ ពេលដែលត្រូវប្រើប្រាស់កម្លាំងដើម្បី រារាំង ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិអ៊ី ស្រាអែល បញ្ជាក់បែបនេះ ក្រោយពេលប្រធាន ក្រុមចារកម្មអ៊ីស្រាអែលទៅកាន់អាមេរិក ដោយស្ងាត់ៗ ដើម្បីពិភាក្សាអំពីកម្មវិធី បរមាណូរបស់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយ គ្នានោះ ប្រធានាធិបតីអ៊ីស្រាអែល លោក ស៊ីម៉ុន ប៉ារ៉េស បានព្រមានថា រដ្ឋាភិ បាលទីក្រុងតេអេរ៉ង់ មិនអនុញ្ញាតឱ្យមាន គ្រាប់បែកបរមាណូនោះឡើយ ។
ចំពោះអាមេរិកវិញ ដែលជាសម្ព័ន្ធ មិត្ដដ៏ជិតស្និទ្ធរបស់អ៊ីស្រាអែលបាន បញ្ជាក់ថា ប្រទេសអ៊ីស្រាអែលអាចនឹង បើកការវាយប្រហារទៅលើទីតាំងបរមា ណូរបស់អ៊ីរ៉ង់ ក្នុងអំឡុងខែមេសា និងខែ សីហាខាងមុខ ។
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ បាន ដកស្រង់សម្ដីរដ្ឋមន្ដ្រីក្រសួងការពារជាតិ អាមេរិក លោក Leon Panetta បញ្ជាក់ ថា អ៊ីស្រាអែលមានការយកចិត្ដទុកដាក់ យ៉ាងខ្លាំង ហើយអាចវាយប្រហារទៅលើ ប្រទេសអ៊ិស្លាមនៅរដូវរំហើយខាងមុខ មុនពេលអ៊ីរ៉ង់ផលិតបានគ្រាប់បែកបរមាណូ។ ប៉ុន្ដែសេតវិមានមិនទាន់សម្រេច ប្រតិកម្មបែបណានោះឡើយ ប្រសិនបើ អ៊ីស្រាអែលបើកការវាយប្រហារអ៊ីរ៉ង់ ។
អាមេរិកនិងអ៊ីស្រាអែលដែលជា សម្ព័ន្ធ មិត្ដជិតស្និទ្ធបំផុត រួមទាំងសហគមន៍ អឺរ៉ុបបានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងផលិត គ្រាប់បែបបរមាណូ ធ្វើឱ្យបណ្ដាប្រទេស ទាំងនោះ ដាក់សម្ពាធលើអង្គការសហ ប្រជាជាតិ ឱ្យអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ ។ ប៉ុន្ដែរដ្ឋាភិបាលអ៊ីរ៉ង់បាន ច្រានចោលរាល់ការចោទប្រកាន់ ដោយ អះអាងថា កម្មវិធីបរមាណូរបស់ខ្លួនក្នុង គោលដៅសន្ដិភាពតែប៉ុណ្ណោះ ។
កន្លងមកមន្ដ្រីយោធាជាន់ខ្ពស់អ៊ី រ៉ង់ បានព្រមានថា នឹងតបតវិញឱ្យបានស័ក្ដិ សមបំផុត ប្រសិនបើលោកខាងលិច បញ្ឆេះភ្លើងសង្គ្រាមជាមួយអ៊ីរ៉ង់នោះ ៕


