ថ្ងៃទី 21-02-2012 ម៉ោង 14:41:13 កាលពីថ្ងៃ ទី២០ កុម្ភៈ ពលរដ្ឋនៅទីក្រុងមីស្ដ្រាតា ដែលជាទីក្រុងធំទី៣នៅលីប៊ី បានទៅបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការទីក្រុងជាលើកដំបូង ចាប់តាំងពីរបបលោកហ្កាដាហ្វី បានដួលរលំ ។
ពលរដ្ឋនៅទីក្រុងមីស្ដ្រាតា បានរៀបជាជួរវែងអន្លាយនៅតាមទីតាំងបោះឆ្នោតនានាដើម្បីជ្រើសរើ សមាជិកក្រុមប្រឹក្សាក្រុង២៨រូបដែលជាអ្នកទទួលបន្ទុកដ៏លំបាកក្នុង ការអភិវឌ្ឍន៍ទីក្រុងដែលមានពលរដ្ឋ៣០០ពាន់នាក់នោះ ។ ចំពោះពលរដ្ឋនៅទីក្រុងមីស្ដ្រាតា ឱ្យដឹងថា នេះជាការចាប់ផ្ដើមសម្រាប់ជីវិតរស់នៅថ្មី ដោយពួកគេយល់ឃើញថា ការបោះឆ្នោតជាកំណត់សញ្ញាដ៏សំខាន់នៃរបបលទ្ធិប្រជាធិបតេយ្យក្រោយ របបផ្ដាច់ការរបស់លោកហ្កាដាហ្វីដួលរលំ ។
ទីក្រុងមីស្ដ្រាតា ជាទីលានប្រយុទ្ធដ៏ខ្លាំងក្លារវាងក្រុមអ្នកគាំទ្រលោកហ្កាដាហ្វី នឹងក្រុមបះបោរដែលមានការគាំទ្រពីលោកខាងលិចនោះ ហើយក៏ជាទីតាំងគ្រប់គ្រងរបស់ក្រុមបះបោរដំបូងគេបង្អស់ក្នុងការ ផ្ដួលរំលំរបបលោកហ្កាដាហ្វី ។ ទីក្រុងមីស្ដ្រាតា រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅហេដ្ឋារចនាសម្ព័ន្ធនានាដោយសារតែ ការប៉ះទង្គិចរវាងក្រុមទាំង២នោះ ។
ក្នុងរយៈពេលដែលមានការប្រែប្រួល នយោបាយ ទីក្រុងជាច្រើននៅប្រទេសលីប៊ី បានបង្កើតគណៈកម្មាធិការដើម្បីគ្រប់គ្រង ប៉ុន្ដែទីក្រុងមីស្ដ្រាតា ជាទីក្រុងដំបូងគេបង្អស់ដែលបានចាប់ផ្ដើមបោះឆ្នោតក្រុមប្រឹក្សាឃុំ -សង្កាត់ ដោយមានការរៀបចំយ៉ាងល្អិតល្អន់ ។
នៅពេលខាងមុខ រដ្ឋាភិបាលបណ្ដោះអាសន្នលីប៊ីក៏នឹងត្រូវជ្រើសរើសគណកម្មាធិការជាតិ ដែលមានតួនាទីបង្កើតរដ្ឋធម្មនុញ្ញថ្មីមុនពេលការបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្របង្កើតរដ្ឋាភិបាលថ្មី ។
កន្លងមកនាយករដ្ឋមន្ដ្រីលីប៊ី លោក Abdul Rahim Al-Keab បានសន្យាថា រដ្ឋាភិបាលថ្មីនឹងយកចិត្ដទុកដាក់ច្រើនជាងនេះដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរងរបួស និងគ្រួសារអ្នកដែលពលីជីវិតនៅក្នុងសង្គ្រាមកន្លងមក ៕

