ដោយ​ ៖ សាធី
ថ្ងៃទី 07-02-2012 ម៉ោង 13:54:34 ​នាវា​ផ្ទុក ​យន្ដហោះ​របស់​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​ក​ រួម​ទាំង​នាវាចម្បាំង​ផ្សេង​ទៀត​បាន​ធ្វើ​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ភាគ​ ខាងកើត​រដ្ឋ​ហ្ល​រី​ដា​ ជា​ការ​ត្រៀមលក្ខណៈ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​យោធា​ អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ នាវា​ផ្ទុក​យន្ដហោះ​ដើរ​ដោយ​ថាមពលបរមាណូ​ប្រភេទ​ នែ​ត​រេផ​រិ​សេ​ ដឹកនាំ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ដែល​មាន​ឈុត​ឆាក​ដូច​ជា​សង្គ្រាម​កើតឡើង​ ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​។​
​ការ​ធ្វើ​សមយុទ្ធ​បាន​ប្រើប្រាស់​ ផែនទី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​អា​មេ​រិ​ក​ ពិសេស​តំបន់​ដែល​អាច​កើនឡើង​នូវ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​នោះ​ ។​ នៅ​ក្នុង​ផែនទី​ក៏​មាន​ឈូង​សមុទ្រ​ដែល​មាន​ទទឹង​៥៤​គីឡូម៉ែត្រ​ ដូច​ជា​ឈូង​សមុទ្រ​Hormuz​ ត​ភ្ជាប់​នឹង​ឈូង​សមុទ្រ​អា​រ៉ាប់​ ។​
​គោលដៅ​នៃ​ការ​ធ្វើ​សមយុទ្ធ​របស់​នាវា ​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​សំដៅ​ទៅ​លើ​ប្រទេស​ដែល​សង្ស័យ​ថា​ គាំទ្រ​ក្រុម​ភេរវកម្ម​ ។​ ប៉ុន្ដែ​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​កបាន​ប្រកាស​ថា​ ការ​ធ្វើ​សមយុទ្ធ​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ដល់​ភាព​តានតឹង​កាន់តែ​ខ្លាំង​ ឡើងជា​មួយ​អ៊ី​រ៉​ង់​នោះ​ឡើយ​ ។​
​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ ទៀត​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ បាន​ចេញ​បញ្ជា​ឱ្យ​ដាក់​ទណ្ឌកម្ម​តានតឹង​ថែម​ទៀត​ដល់​រដ្ឋាភិបាល​ និង​ធនាគារជាតិ​របស់​អ៊ី​រ៉​ង់​ ។​
​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ ប្រធានាធិបតី​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ការ​រឹត​បណ្ដឹង​នោះ​ដើម្បី​ទប់ស្កាត់​ការ​លាង​ប្រាក់​របស់​អ៊ី​រ៉​ង់​ និង​ហេតុការណ៍​អាក្រក់​កើតឡើង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post