ដោយ ៖ សាធី
ថ្ងៃទី 13-02-2012 ម៉ោង 15:19:24 ជាច្រើន ទសវត្សកន្លងមកមនុស្សជាច្រើនបានដាក់សំណួរសួរថា ជាប្រទេសសាមញ្ញដូចជាអ៊ីរ៉ង់ តើមានកម្លាំងបង្កប់ខ្លាំងក្លាប៉ុណ្ណា បានជាហ៊ានឌឺដងប្រឈមមុខជាមួយនឹងអាមេរិក ដែលជាប្រទេសមហាអំណាចទី១នៅលើពិភពលោក ដែលមានសម្ពន្ធមិត្ដសុទ្ធសឹងតែជាប្រទេសមហាអំណាចដូចគ្នា ។
អ៊ីរ៉ង់ជាគូប្រជែងដែលគួរឱ្យស្ញប់ស្ញែងរបស់អាមេរិក
ប្រៀបធៀបពីកម្លាំងយោធាជាមួយអាមេរិក អ៊ីរ៉ង់ប្រាកដជាមិនអាចប្រៀបផ្ទឹមបាន ប៉ុន្ដែក្រុមអ្នកវិភាគជឿជាក់ថា អ៊ីរ៉ង់ជាគូប្រជែងយ៉ាងពិតប្រាកដ និងគួរឱ្យខ្លាចបំផុតរបស់អាមេរិក ។ ប្រសិនបើវាយប្រហារអ៊ីរ៉ង់ អាមេរិកប្រាកដជាប៉ះនឹងគូសត្រូវដែលខ្លាំងពិតក្នុងចំណោមសត្រូវ របស់អាមេរិកជាច្រើនដែលធ្លាប់ប្រឈមមុខគ្នាក្នុងរយៈពេលប៉ុន្មាន ទសវត្សចុងក្រោយនេះ ។
គេអាចនិយាយបានថា អ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិភពអ៊ិស្លា មដែលមានឥទ្ធិពលយោធាដ៏គួឱ្យស្ញប់ស្ញែង ។ តាមព័ត៌មាន Global Fire Power ជាគេហទំព័រដែលមានឯកទេសវាយតម្លៃពីកម្លាំងយោធារបស់ប្រទេសមហាអំណាច នៅលើពិភពលោក ហើយអ៊ីរ៉ង់ជាប្រទេសស្ថិតក្នុងលំដាប់ទី១២ស្ដីពីឥទ្ធិពលយោធា បន្ទាប់ពីប្រទេសមហាអំណាចយោធាដូចជា អាមេរិក រុស្ស៊ី ចិន និងឥណ្ឌា ។
ទាហានដែលកំពុងបំពេញបេសកកម្មរបស់ អ៊ីរ៉ង់មាន៥៤៥ពាន់នាក់ ទាហានបម្រុង៦៥០ពាន់នាក់ ចែកចេញជា៣ផ្នែកដូចជា ទាហានជើងទឹក ជើងគោក និងជើងអាកាស ។
ទាហានជើងគោកអ៊ីរ៉ង់ខ្លាំងក្លា ជាងគេបង្អស់ក្នុងតំបន់ឈូងសមុទ្រ ដោយមានសព្វាវុធទំនើបៗជាច្រើន ។ បច្ចុប្បន្នអ៊ីរ៉ង់មានរថក្រោះចម្បាំងប្រមាណ២ពាន់គ្រឿង រថពាសដែក៥០០គ្រឿង ហើយរថក្រោះទាំងនោះភាគច្រើនជាប្រភេទទំនើបៗដូចជា T-72/ T-72Z/ MK-3, MK-5, M47, M48, M60 ក្នុងនោះមានទាំងរបស់អាមេរិក និងអង់គ្លេស ដែលបានទិញនៅមុនឆ្នាំ១៩៧៩ ។ កម្លាំងទាហានថ្មើរជើងអ៊ីរ៉ង់នៅមានកាំភ្លើងត្បាល់៥ពាន់ដើម ដែលកាំជ្រួចមីស៊ីលវាយលុកជាច្រើនទៀតដែលរដ្ឋាភិបាលអ៊ីរ៉ង់ផលិត យកតាមគម្រូរបស់កាំជ្រួចមីស៊ីល Salyut របស់រុស្ស៊ី និង TOW របស់អាមេរិក ។
ចំណែកកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ រួមមាននាវាចម្បាំងវាយលុក២៦១គ្រឿង កំពង់ផែយោធា៣កន្លែង នាវាចម្បាំងដែលឧទ្ធម្ភាគចក្រអាចចុះចតបាន៣គ្រឿង នាវាមុជទឹក១៩គ្រឿង... ។ ប៉ុន្ដែកម្លាំងដ៏ពិតប្រាកដរបស់ទាហានជើងទឹកបានផ្ដោតទៅលើនាវាមុជទឹក ៣គ្រឿងប្រភេទ ៨៧៧ EKM ផលិតក្នុងប្រទេសរុស្ស៊ី ដែលអាចប្រៀបបានជាមួយនាវាមុជទឹកប្រភេទ Dolphin របស់អ៊ីស្រាអែល ។ កម្លាំងទាហានជើងទឹកអ៊ីរ៉ង់អាចធ្វើសកម្មភាពបានយ៉ាងល្អប្រកបដោយ ប្រសិទ្ធភាពពេលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រព័ន្ធបាញ់កាំជ្រួច មីស៊ីលប្រភេទ HY-2 Sikworm, YJ-2 ឬហៅថា S-802 ដែលបានដាក់ពង្រាយតាមបណ្ដោយឆ្នេរសមុទ្រអ៊ីរ៉ង់ ។
ចំពោះកម្លាំងទាហានអាកាសអ៊ីរ៉ង់ ក៏ជាកម្លាំងទាហានដ៏ខ្លាំងក្លាមួយដែលមានសព្វាវុធទំនើបៗ និងយន្ដហោះចម្បាំងជាច្រើន ។ ទាហានអាកាសអ៊ីរ៉ង់មានយន្ដហោះចម្បាំង១០៣០គ្រឿង ឧទ្ធម្ភាគចក្រ៣៥៧គ្រឿង អាកាសយានដ្ឋានយោធា៣១៩កន្លែង ។ ប៉ុន្ដែចំណុចដែលគួឱ្យចាប់អារម្មណ៍ជាងគេបំផុតគឺឃ្លាំងកាំជ្រួចមី ស៊ីលដ៏ច្រើនមហាសាល ដែលមានកាំជ្រួចមីស៊ីលឆ្លងទ្វីបជាច្រើនអាចវាយប្រហារដល់អាមេរិ ក និងអ៊ីស្រាអែល ក្នុងនោះមានប្រភេទកាំជ្រួចមីស៊ីល Shahab-1, Shahab-2, Shahab-3... ដែលបាញ់បានចម្ងាយចាប់ពី៣០០គីឡូម៉ែត្រ រហូតដល់រាប់ពាន់គីឡូម៉ែត្រ ។ ក្រុមអ្នកឯកទេសវាយតម្លៃថា កាំជ្រួចមីស៊ីលដែលមាននៅក្នុងឃ្លាំងរបស់អ៊ីរ៉ង់អាចបាញ់បាន ចម្ងាយប្រមាណ២៥០០គីឡូម៉ែត្រ ។ ជាមួយនឹងប្រភេទកាំជ្រួចមីស៊ីលនោះអ៊ីរ៉ង់អាចវាយប្រហារទៅដល់ គោលដៅនានានៅអ៊ីស្រាអែល និងតំបន់អឺរ៉ុប ។ ឧបនាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Moshe Yaalon បានប្រកាសឱ្យដឹងថា អ៊ីរ៉ង់កំពុងព្យាយាមផលិតកាំជ្រួចមីស៊ីលដែលអាចបាញ់បាន១ម៉ឺន គីឡូម៉ែត្របំពាក់ក្បាលគ្រាប់បរមាណូ ដែលអាចវាយប្រហារទៅលើគោលដៅនានានៅអាមេរិក ។
សរុបមកវិញអ៊ីរ៉ង់មាន កម្លាំងយោធាខ្លាំងក្លាជាងគេបំផុតនៅក្នុងតំបន់ ។ បើប្រៀបធៀបពីឥទ្ធិពលនៃសព្វាវុធ អ៊ីរ៉ង់ចាញ់អាមេរិក និងលោកខាងលិចដាច់ ប៉ុន្ដែអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ករផលលំបាក យូរអង្វែងប្រសិនបើលោកខាងលិចប្រថុយគ្រោះថ្នាក់វាយប្រហារអ៊ីរ៉ង់នោះ ។ បើប្រៀបធៀបជាមួយប្រទេសលីប៊ីដែលទន់ខ្សោយជាអ៊ីរ៉ង់នោះ លោកខាងលិចក៏ត្រូវចំណាយពេលជាច្រើនខែទើបអាចផ្ដួលរំលំបាន ។ ដូច្នេះប្រសិនបើធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នឹងជួបផលលំបាករាប់សិប ដង ពិសេសនៅពេលដែលអាមេរិកកំពុងជាប់គាំងក្នុងសង្គ្រាមនៅប្រទេសអា ហ្វហ្គានីស្ថាន និងការកាត់បន្ថយទាហានទ្រង់ទ្រាយធំដើម្បីបន្ថយការចំណាយសម្រាប់ ការពារជាតិ។
លើសពីនេះទៅទៀតអ៊ីរ៉ង់មាន ប្រៀបលើទីតាំងភូមិសាស្ដ្រ ធ្វើឱ្យយន្ដហោះ និងទាហានថ្មើរជើងរបស់បណ្ដាប្រទេសលោកខាងលិចពិបាកចូលដល់ប្រទេសអ៊ី រ៉ង់ ពិសេសកម្លាំងការពារនៅតាមបណ្ដោយព្រំដែនរបស់អ៊ីរ៉ង់ស្ទាត់ជំនាញ ក្នុងការការពារការវាយលុករបស់សត្រូវ ។
លើសពីនេះទៅទៀការដណ្ដើមសិទ្ធិ គ្រប់គ្រងដែនអាកាសអ៊ីរ៉ង់កាន់តែពិបាកថែមទៀត ដោយសារតែអ៊ីរ៉ង់មានប្រព័ន្ធកាំជ្រួចមីស៊ីលការពារទំនើបៗ ប្រកបដោយប្រសិទ្ធិភាព ដូចជាប្រព័ន្ធកាំជ្រួចមីស៊ីលការពារ Fateh-110, Shahab-2, Zubin, Zelzal... ។ លើសពីនេះទៅទៀតអ៊ីរ៉ង់មានសម្ពន្ធមិត្ដមិនខ្លាចស្លាប់ គឺក្រុមហាម៉ាស់ នៅប៉ាឡេស្ទីន និងក្រុមហេសប៊ូឡាស៍ នៅលីបង់ សុទ្ធសឹងតែជាក្រុមចាត់ទុកអាមេរិកជាសត្រូវ ។
ទោះបីអាមេរិក និងលោកខាងលិចពិបាកអត់ធ្មត់ជាមួយកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ ប៉ុន្ដែភាគច្រើនអ្នកឯកទេសជឿជាក់ថា អាមេរិកមិនល្ងង់វាយប្រហារអ៊ីរ៉ង់នោះឡើយ ។ ក្រោយពីស្ទាបស្ទង់កម្លាំងយោធារបស់អ៊ីរ៉ង់ អាមេរិកនៅមានមូលហេតុជាច្រើនដែលមិនហ៊ានប្រថុយដើរកូនអុកដ៏ គ្រោះថ្នាក់នោះទេ ៕

