ដោយ កែវ ឆាយា
សេចក្តីនេះ ប្រកាសរសៀលម្សិលមិញ ក្នុងសន្និសីទកាសែតនៅម៉ូស្គូដោយនាយកនៃ ”ស្ថាប័នរុស្ស៊ីខាងសហប្រតិបត្តិការយោធា-បច្ចេកទេសជាមួយរដ្ឋបរទេស” គឺ លោក Mikhail Dmitriev ដែលលំអិតថា កាំជ្រួចបណ្តែតរុស្ស៊ីនេះធុន X-35 គឺសម្រាប់បាញ់ពន្លិចនាវា។
“កាំជ្រួចបណ្តែតមានស្លាប” ហៅថា “Cruise” ។ © កែវ ឆាយា
គួរនិយាយថា ទើប១០ថ្ងៃមុនសោះ រុស្ស៊ីបានបញ្ជាក់ទៅលើដំណឹងផ្សាយដោយទីភ្នាក់ងារពត៌មានចិនថ្មី Xinhua ថា រុស្ស៊ីនឹងសហការជាមួយភាគីចិនដើម្បីផលិតនៅក្នុងប្រទេសចិនផ្ទាល់ ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-2 គឺឧទ្ធម្ភាគចក្រធុនស្រាលសម្រាប់ប្រើក្នុងគោលដៅយោធាផងស៊ីវិលផង។
ហើយឥឡូវគឺជាមួយវៀតណាមដែលតែងស្និទ្ធនឹងរុស្ស៊ី តាំងពីជំនាន់សូវៀតមកនិងដែលនៅជាប់ក្នុងវិវាទកោះ ជាមួយប្រទេសចិន រុស្ស៊ីប្រកាសជួយជ្រោមជ្រែងវៀតណាមឲ្យផលិតនៅផ្ទាល់កន្លែងតែម្តង ជា“កាំជ្រួចបណ្តែតមានស្លាប” ហៅថា “Cruise” អាធុន X-35 សម្រាប់ពង្រឹងសមត្ថភាពការពាររបស់កងនាវាវៀតណាម។ កាំជ្រួចបណ្តែតនេះ គឺទុកសម្រាប់បាញ់ពន្លិចនាវាដែលមានចំណុះរហូតដល់ ៥.០០០តោន។
ភាគីរុស្ស៊ីបានឲ្យដឹងថា គឺតាំងពីក្នុងឆ្នាំ ១៩៩៩ម៉្លេះ ដែលវៀតណាមបានទិញកាំជ្រួចរុស្ស៊ី X-35 ចំនួន ១៦គ្រឿង ដោយកាលណោះគ្រោងបង្កើនចំនួនទិញនេះឲ្យឡើងដល់ ៤៨គ្រឿង ក្នុងទឹកប្រាក់ ៧០លានដុល្លារអាមេរិក។
តើកាំជ្រួចបណ្តែត X-35 ពិសេសដោយលក្ខណៈណាខ្លះ។ គឺថា វាហោះ ក្នុងកំពស់តែ ៣ម៉ែត្រ ទៅ ៥ម៉ែត្រប៉ុណ្ណោះពីផ្ទៃដី ហេតុដែលមិនអាចមើលឃើញដោយ Radar។ ល្បឿនរបស់វា គឺ៣០០ម៉ែត្រក្នុង១វិនាទី។ វង់ប្រតិបត្តិការរបស់វា គឺស៊ីរះក្នុងចម្ងាយពី៥ដល់១៣០គ.ម.។
កាំជ្រួចនេះ១ដើមៗ មានប្រវែង ៣ម៉ែត្រ៧តឹក បូកទាំងប្រដាប់ពន្លឿនល្បឿនរបស់វាផង គឺ ដល់ ទៅ ៤ម៉ែត្រ៤តឹក។ ទម្ងន់វា ដល់ទៅ ៦៨០គីឡូក្រាម ពីក្នុងនោះ រំសេវប្រយុទ្ធរបស់វាទម្ងន់១៤៥គីឡូក្រាម។ វាអាចប្រតិបត្តិការក្នុងសីតុណ្ហភាព ពី៥០អង្សាលើសូន្យរហូតដល់៥០អង្សាក្រោមសូន្យ។ កាំជ្រួចមានស្លាប“Cruise” X-35 ត្រូវបានផលិតលើកដំបូងនៅរុស្ស៊ី គឺក្នុងឆ្នាំ១៩៨៤។
ថ្លែងក្នុងសន្និសីទកាសែតម្សិលមិញ លោក Mikhail Dmitriev នាយក”ស្ថាប័នរុស្ស៊ីខាងសហប្រតិបត្តិការយោធា-បច្ចេកទេសជាមួយ រដ្ឋបរទេស” ក៏បង្ហើបឲ្យដឹងដែរថា ភាគីវៀតណាម បានសុំទិញពីរុស្ស៊ីបន្ថែមទៀត គឺទាំងកាំជ្រួចធុន Yakhont សម្រាប់បាញ់ពន្លិចនាវាដល់ចម្ងាយ ៣០០គ.ម. និងដែលល្បឿនហោះរបស់វាគឺ២ដងកន្លះលឿនជាងសំឡេង៕