
ក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីចង់ឲ្យមានការឈប់បាញ់គ្នា ព្រមទាំងស្នើឲ្យរដ្ឋាភិបាលស៊ីរី យល់ព្រមភ្លាមៗដោយមិនពន្យារពេលនោះឡើយ ព្រោះដើម្បីជម្លៀសអ្នករងរបួសចេញពីតំបន់គ្រោះថ្នាក់។
លោក ចាខុប ខេសឡេមបឺរហ្គឺរ(Jakob Kellenberger) ជាប្រធាន ICRC បានឲ្យដឹងថា “ការគាំទ្ររបស់រុស្ស៊ីមានសារសំខាន់យ៉ាងខ្លាំង ដែលធ្វើឲ្យយើងមានការពេញចិត្ត និង ដឹងគុណព្រោះបញ្ហាចម្បងនាពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាដើម្បីឲ្យការឈប់បាញ់នេះប្រព្រឹត្តទៅឲ្យបា នរហ័សបំផុត”។
ជម្លោះរវាងរដ្ឋាភិបាល និងក្រុមប្រឆាំងបានកើតមានជាច្រើនឆ្នាំមកហើយ បង្កឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះ មានហេតុការណ៍ផ្ទុះអាវុធម្តងទៀត ដោយសាក្សីបានឲ្យដឹងថា ពួកគេបានឮសំឡេងកាំភ្លើងយន្តនិង គ្រាប់បែកដៃ និងរ៉ុក្កែតផ្ទុះឡើង ខណៈពេលដែលក្រុមប្រឆាំងរដ្ឋាភិបានកំពុងប្រមូលផ្តុំគ្នានៅក្រៅអគារសន្តិសុខ។ ទូរទស្សន៍រដ្ឋរបស់ស៊ីរី បានឲ្យដឹងថា “ក្រុមបាតុករ” បានស្លាប់ ៣នាក់ រីឯកងសន្តិសុខក៏បានស្លាប់ក្នុងហេតុការណ៍នោះផងដែរ ម្យ៉ាងទៀតទាំង២ភាគីសុទ្ធតែមានរបួសដូចគ្នា។
តាមការ ឲ្យដឹងរបស់អង្គការសហប្រជាជាតិថា ក្នុងរយៈពេលវឹកវរក្នុងប្រទេសស៊ីរីរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានប្រជាជន ៨០០០នាក់ត្រូវបានគេសម្លាប់ និងជាង១ម៉ឺននាក់ទៀតបានធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ព្រោះតែបញ្ហាអសន្តិសុខ៕