- Tuesday, 20 March 2012 11:09
- administrator
- Hits: 602

រុស្ស៊ីដែលជាសម្ព័ន្ធមិត្តស្និតបំផុតរបស់រដ្ឋាភិបាលស៊ីរី លោក Assad បានរួមជាមួយចិន ប្រើសិទ្ធិវេតូប្រឆាំង ២លើក ចំពោះសេចក្តីសំរេចចិត្តថ្កោលទោសស៊ីរី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅមុននេះ មិនយូរប៉ុន្មាន នាវា Iman ចំណុះកងនាវាចម្បាំងសមុទ្រខ្មៅរបស់រុស្ស៊ី បានចូលដល់កំពង់ផែ Tartus របស់ស៊ីរី នៅសមុទ្រមេឌីទែរ៉ាណេ ដោយនាំនៅជាមួយនូវអង្គភាពប្រឆាំងភេរវកម្ម របស់ទាហានជើងទឹករុស្ស៊ី។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Assad បានប្រកាសជាបន្តបន្ទាប់ថា ពួកគេកំពុងប្រយុទ្ធជាមួយការបះបោររបស់ក្រុមភេរវកម្ម។
គួររំលឹក ឡើងវិញថា នាវាប្រយុទ្ធ Iman បាននៅជំនួសឲ្យនាវាប្រយុទ្ធមួយផ្សេងទៀត របស់រុស្ស៊ី ដែលត្រូវបានបញ្ជារឲ្យធ្វើដំណើរទៅកាន់ស៊ីរី កាលពីពេលមុន ដើម្បីអះអាងវត្តមានរបស់រុស្ស៊ី ក្នុងតំបន់ពោរពេញដោយអស្ថេរភាព ហើយក៏ដើម្បីជម្លៀសពលរដ្ឋរុស្ស៊ី ក្នុងករណីចាំបាច់។ នេះបើតាមការឲ្យដឹងពីកងនាវាចម្បាំង សមុទ្រខ្មៅ ប្រាប់ Intenfax។
ក្រុមហ៊ុន ព័ត៌មាន Ria Novosti ដែលមានទំនាក់ទំនងស្និតស្នាលជាមួយវិមានក្រែមឡាំង ក៏បានចុះផ្សាយពីការដែលរុស្ស៊ីបញ្ជូនកងទ័ពទៅកាន់ស៊ីរី ប៉ុន្តែព័ត៌មាននេះ ត្រូវបានផ្សាយជាភាសាអារ៉ាប់ប៉ុណ្ណោះ។
ប្រតិកម្ម ចំពោះព័ត៌មានខាងលើ ស្ថានទូតរុស្ស៊ីនៅអាមេរិក និងប្រចាំ UN មិនបាននិយាយអ្វីទាំងអស់ ដោយគ្រាន់តែឆ្លើយយ៉ាងខ្លីថា “គ្មានព័ត៌មានជាកំណត់ណាមួយពីការទៅដល់ស៊ីរី របស់អង្គភាពប្រឆាំងភេរវកម្មរបស់រុស្ស៊ីទេ”។
រីឯរដ្ឋាភិបាល មន្រ្តីការពារជាតិរុស្ស៊ី Anatoly Serdyukov បានធ្វើការបដិសេធព័ត៌មានខាងលើ ប៉ុន្តែលោកសារភាពថា មាន “ទីប្រឹក្សាយោធា និងបច្ចេកទេស កំពុងមានវត្តមាននៅស៊ីរី ដើម្បីជួយដល់ប្រទេសនេះ”។
ចំណែករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បានថ្លែងប្រាប់សភាថា ចំពោះសំនួរមានឃើញថា ចាំបាច់ត្រូវប្រឈមមុខជាមួយអាមេរិក នៅស៊ីរីដែរ ឬទេ ហើយនឹងសំនួរពីការធានាវត្តមានយោធារបស់យើងនៅទីនោះ ដើម្បីចូលរួមសកម្មភាពយោធាដែរ ឬទេ? ខ្ញុំសុំឆ្លើយថាៈ គឺគ្មាន!។ ហើយខ្ញុំជឿថា ប្រទេសនេះ វាដើរផ្ទុយនឹងផលប្រយោជន៍របស់រុស្ស៊ី។
វិបត្តិនយោបាយ នៅស៊ីរី កំពុងវិវត្តកាន់តែធ្ងន់ធ្ងរទៅៗ ហើយក៏កាន់តែមានចចាមអារាម ជុំវិញបញ្ហាលោកខាងលិច នឹងអន្តរាគមន៍យោធានៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីស្វិតស្វាញប្រឆាំងនឹងសកម្មភាពខាងលើនេះ ព្រមទាំងសង្កត់ធ្ងន់ថា ជម្លោះនៅស៊ិរី អាចដោះស្រាយបានតាមច្រកការទូត។
សប្តាហ៍នេះ ប្រតិភូរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី នឹងទៅកាន់ស៊ីរី ដើម្បីជួបជាមួយប្រធានាធិបតី Assad និងភាគីប្រឆាំង សំដៅស្វែងរកច្រកដោះស្រាយសំរាប់វិបត្តិនៅទឹកដីមជ្ឈឹមបូព៌ាមួយនេះ៕