ដោយ ៖ សាធី
ថ្ងៃទី 19-03-2012 ម៉ោង 14:24:15 ប្រធាន គេហទំព័រWikileaksដ៏ល្បី ល្បាញនៅលើពិភពលោកដែលបានចុះ ផ្សាយនូវអត្ថបទរសើបបំផុតរបស់ ក្រសួងការបរទេសនាពេលកន្លងមក លោក Julian Assange មានគម្រោង ចូលរួមប្រកួតប្រជែងអាសនៈក្នុងព្រឹទ្ធ សភាប្រទេសអូស្ដ្រាលី ។
លោក Julian Assange ជាជនជាតិ អូស្ដ្រាលី ពេលនេះត្រូវបានធានាឱ្យនៅ ក្រៅឃុំរង់ចាំសេចក្ដីសម្រេចរបស់ តុលាការអង់គ្លេសស្ដីអំពីប្រទេសស៊ុយអែត ទាមទារឱ្យបញ្ជូនខ្លួនលោកទៅកាន់ទីនោះ ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
កន្លងមក លោក Julian Assange បានច្រានចោលការចោទប្រកាន់ពាក់ ព័ន្ធដែលលោកបញ្ជាក់ថា ការចោទ ប្រកាន់ទាំងនោះមានលក្ខណៈនយោបាយ ក្នុងងការរាំងគេហទំព័រ Wikileaks ផ្សព្វ ផ្សាយឯកសារសម្ងាត់រាប់ពាន់ផ្សេងទៀត តាមប្រព័ន្ធអ៊ិនធើណែត ។ លោកJulian Assange ព្រួយបារម្ភខ្លាចបញ្ជូនទៅកាន់ ប្រទេសស៊ុយអែត អាចនឹងត្រូវបន្ដបញ្ជូន ទៅកាន់អាមេរិកដោយរងការចោទប្រកាន់ ពីបទចារកម្ម ។
គេហទំព័រ Wkileaks ក៏បានផ្សព្វផ្សាយ ថា លោកក៏មានគម្រោងប្រកួតប្រជែង តំណែងនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោត សភានៅឆ្នាំ២០១៣ ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បច្ចុបន្ន លោកស្រី Julia Gillard ធ្លាប់បានរិះគន់ ដោយបើកចំហដល់គេហទំព័រWikileaks ដោយចាត់ទុកថា គេហទំព័រនេះគ្មានការ ទទួលខុសត្រូវ ដោយធ្វើឱ្យបែកធ្លាយសារ សម្ងាត់របស់ក្រសួងការបរទេសអាមេរិក។ រដ្ឋាភិបាលអូស្ដ្រាលីក៏បានស្នើឱ្យប៉ូលិស ស្រាវជ្រាវពីគេហទំព័រWikileaks ប៉ុន្ដែ មិនទទួលបានលទ្ធផលវិជ្ជមាន ដោយ ការផ្សព្វផ្សាយរបស់ Wikileaks មិនបាន បំពាននឹងច្បាប់អូស្ដ្រាលីនោះឡើយ ៕