ដោយ៖ ខ្មែរស្ថាបនា ថ្ងៃព្រហស្បតិ៍ ទី01 ខែមីនា ឆ្នាំ2012 ម៉ោង 09:48
អ៊ីរ៉ង់បានចោទប្រកាន់ថា អ៊ីស្រាអែលបានយក Azerbaijan ធ្វើជាឈ្នាន់ ក្នុងពេលដែលប្រធានាធិបតីស៊ីរី អាចត្រូវបានចាត់ទុកជាឧក្រិដ្ឋជនសង្គ្រាម។ បញ្ហាអ៊ីរ៉ង់ និងស៊ីរី ដែលជាចំណុចក្តៅនៅមជ្ឈឹមបូព៌ាបច្ចុប្បន្ន កំពុងមានការវិវត្តន៍ថ្មីៗ
គួរឲ្យបារម្ភបំផុត។

អ៊ីស្រាអែលត្រូវបានគេសង្ស័យថា បានបញ្ជូនយន្តហោះគ្មានអ្នកបើកបរទៅកៀកអ៊ីរ៉ង់ តាមច្រក Azerbaijan
ម្សិលមិញនេះ (២៩ កុម្ភៈ) អ៊ីរ៉ង់បានសំណូមពរឲ្យប្រទេសជាប់ព្រំដែនខ្លួន គឺ Azerbaijan បកស្រាយអំពីបរិមាណអាវុធដែលមានតម្លៃ ១,៦ ពាន់លានដុល្លារ ដែលប្រទេសនេះ បានទិញពីអ៊ីស្រាអែល។ តាមស្ថានីយ៍ Press អគ្គរដ្ឋទូត Azerbaijan ប្រចាំ
អ៊ីរ៉ង់ លោក Javanshir Akhundov សារភាពថា ប្រទេសរបស់លោក បានទិញអាវុធទាំងនោះ ប៉ុន្តែសំរាប់បង្កើនសមត្ថភាព
ការពារជាតិ ពុំមែនទាក់ទងដល់ភាពតានតឹងបច្ចុប្បន្ននោះទេ។ មុននោះ AP បាននាំពាក្យមន្រ្តីសមត្ថកិច្ចអ៊ីស្រាអែល បញ្ជាក់ថា
បានព្រមព្រៀងលក់ឲ្យ Azerbaijan នូវយន្តហោះគ្មានអ្នកបើកបរ រួមនឹងប្រព័ន្ធការពារកាំជ្រូច និងប្រឆាំងយន្តហោះ។ ក្រុង
Tel Aviv ក៏បានអះអាងពីជំនួញនេះថា “ប្រក្រតីទាំងស្រុង”។ ប៉ុន្តែមន្រ្តីអ៊ីរ៉ង់មួយចំនួន បានសំដែងការព្រួយបារម្ភថា ស្ថិតនៅពី
ក្រោយជំនួញនេះ គឺមានលទ្ធភាព ២។ ទី១.គឺអ៊ីស្រាអែលកំពុងរឹតចំណងទាក់ទងជាមួយ Baku ដើម្បីខ្ចីដែនដីរបស់
Azerbaijan ដើម្បីធ្វើជាឈ្នាន់វាយលុក។ ទី២. គឺរឿងលក់អាវុធនេះ គ្រាន់តែជារបាំងសំរាប់ការបញ្ជូនអាវុធរបស់អ៊ីស្រាអែល
មកកៀកនឹងអ៊ីរ៉ង់។
រីឯនៅស៊ីរីវិញ នៅថ្ងៃទី២៩ កុម្ភៈ កាសែត Ashary Al-Awsat ដែលមានស្នាក់ការនៅក្រុងឡុង ប្រកាសថា អាមេរិកអាច
អន្តរាគមន៍ទៅលើប្រទេសស៊ីរី ដោយពុំចាំបាច់ មានការអនុម័ត្តរបស់ UN។ កាសែតនេះ បានដកស្រង់ប្រភពពីកងទ័ពអាមេរិក
ឲ្យដឹងថា ផែនការនេះ ផ្អែកលើសំណៅរឿង NATO អន្តរាគមន៍ចូល Kosovo នៅឆ្នាំ១៩៩៨ បន្ទាប់ពី UN មិនអនុម័ត្តបាន
ការអំពាវនាវឲ្យរដ្ឋាភិបាល យូហ្គោស្លាវី បញ្ឈប់ការសម្លាប់ពលរដ្ឋសាមញ្ញ។ នៅខណៈពេលនោះ រុស្ស៊ីបោះឆ្នោតវេតូប្រឆាំង
រីឯចិន បោះឆ្នោតអនុប្បវាទ គឺវាស្រដៀងនឹងករណីស៊ីរីបច្ចុប្បន្ននេះ៕