យោងតាម​កម្លាំង​ល្បាត​ឆ្នេរ​សមុទ្រ​​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចាប់​ខ្លួន​អ្នក​នេ​សាទ​ចិន ៩ នាក់ បន្ទាប់​​ពី​​ប្រ​​ទល់​មុខ​ដាក់​គ្នា​​នឹង​​ទូក​នេ​សាទ​ចិន​១​គ្រឿង  នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​​បាន​​បណ្តាល​ឲ្យ​មន្រ្តី​​ការ​ពារ​​ឆ្នេរ​សមុទ្រ​​កូរ៉េ​​ខាងត្បូង​​ រងរបួស ។
ដំណើររឿង​នៃ​ហេតុ​​ការណ៍​នេះ បាន​​បន្ត​​ឲ្យ​​​ដឹង​​ថា នៅ​ពេល​​មន្រ្តី​កូរ៉េ ៤​រូប មាន​បំ​ណង​​ចូល​ទៅ​ជិត​ទូក​នេ​សាទ​ចិន​នោះ ដែល​ត្រូវ​បាន​ចោទ​ថា កំពុង​នេ​សាទ​ខុស​ច្បាប់​​នៅ​ក្នុង​សមុទ្រ​លឿង​ ក៏ស្រាប់តែកម្មករទូកនេសាទចិនជាច្រើននាក់ បាន​កាន់ព្រនង់ កាំបិត និងអាវុធដទៃទៀត ឆ្ពោះសំដៅ​ទៅពួកគេ រួចធ្វើការវាយប្រហារទៅលើ​ពួកគេតែម្តង បណ្តាលឲ្យ​មន្រ្តីកូរ៉េ ៣ រូប រងរបួសត្រង់ក្បាល ដៃ និងជើង ហើយ ម្នាក់ទៀត ត្រូវធ្លាក់​ចូលក្នុងទឹកសមុទ្រ ។ ក្រោយមក ពួកគេទាំង ៤ នាក់ ក៏ត្រូវបាន​ជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឧទ្ធម្ភាចក្រ ។

ហេតុការណ៍នេះ បានកើតឡើង ទើបតែជាង១សប្តាហ៍ក្រោយ​​ការចេញសាលក្រមដាក់ទោស ដែល​ត្រូវ​​បាន​ប្រ​កាស​ជា​សាធារណៈ ដោយកូរ៉េខាងត្បូង ទៅកាន់វរនាវីឯកចិនម្នាក់ ដែលបានសម្លាប់​មន្រ្តីការពារសមុទ្រកូរ៉េម្នាក់ និង​សមា​ជិក​នាវិក ៩ នាក់ ទៀត ។

កូរ៉េខាងត្បូង បាន​ធ្វើការតវ៉ាជាឱឡារិកមួយ​ ទៅកាន់​រដ្ឋាភិបាលចិនភ្លាមៗ បន្ទាប់ពី​ហេតុនេះ​បានកើត​ឡើង ហើយ​ខាង​ភាគី​ចិន បាន​សម្តែង​ការ​សោក​ស្តាយ​ និង​សន្យាទប់ស្កាត់ករណីបែបនេះ ។

វាត្រូវបានឲ្យដឹងថា ចាប់តាំងពី​ដើមឆ្នាំនេះ កងកម្លាំងការពារឆ្នេរសមុទ្រ​កូរ៉េខាងត្បូង បាន​រឹប​អូស និង​ចាប់​​ខ្លួន​​​អ្នក​នេ​សាទ​ចិន​ចំនួន ១០០ នាក់ នៅក្នុងសមុទ្រលឿងនេះ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post