- Tuesday, 08 May 2012 01:27

សន្ទរកថាថ្លែងក្នុងពិធីទទួលតំណែងប្រធានាធិបតី កាលពីថ្ងៃទី៧ ឧសភា លោក Vladimir Putin បានសន្យាថា លោកជាមួយរដ្ឋអំណាចថ្មី នឹងប្រឹងប្រែងដឹកនាំប្រទេសឈានឆ្ពោះទៅមុខ បង្កើនលទ្ធិប្រជាធិបតេយ្យ និងលើកទឹកចិត្តដល់ពលរដ្ឋរុស្ស៊ី សកម្មចូលរួមគ្រប់គ្រងទឹកដី ក៏ដូចជាការដោះស្រាយការលំបាក ដែលប្រឈមមុខ កំពុងចោទឡើង ។
លោកថ្លែងថា ក្នុងបណ្តាឆ្នាំខាងមុខនេះ មានលក្ខណៈកំណត់ ចំពោះប្រទេសរុស្ស៊ី ក្នុងការស្ថាបគ្រឹះសំរាប់អនាគតរបស់មនុស្សជំនាន់ក្រោយ និងក្តីសង្ឃឹមក្នុងកិច្ចកសាងប្រទេស ។
ប្រធានាធិបតី ថ្មីរូបនេះ បានអះអាងថា អនាគតរបស់ប្រទេសជាបឋមចំណុះទៅលើពលរដ្ឋរុស្ស៊ីទាំងមូល ផែនសាមគ្គីភាព សំដៅពុះពារអនុវត្តឲ្យបាននូវលទ្ធផលជាក់ស្តែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចថ្មីមួយ ព្រមទាំការកសាងស្តង់ដារជីវិតបែបទំនើប ។
លោកលើកច្បាស់ៗថា ប្រទេសជាតិចំណុះទៅលើការប្រឹងប្រែងការពារពលរដ្ឋ និងគាំទ្របណ្តាគ្រួសាររុស្ស៊ី និងការអភិវឌ្ឍន៍ប្រទេសរុស្ស៊ីដ៏ទូលាយលាតសន្ធឹងពីសមុទ្រ Baltic ដល់សមុទ្រប៉ាស៊ីហ្វិក គឺអាស្រ័យលើលទ្ធភាពនាំមុខរបស់រុស្ស៊ី ឲ្យក្លាយជាមជ្ឈមណ្ឌលស្រូបទាញលំហទាំងមូលនៃទ្វីបអាស៊ី និងអឺរ៉ុប ។
លោក ពូទីន ក៏បានថ្លែងថា ពលរដ្ឋរុស្ស៊ីទាំងអស់ ប៉ងប្រាថ្នាចង់បានរស់នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដែលនៅទីនោះ មនុស្សទាំងអស់ សុទ្ធតែមានសេរីភាព ត្រូវបានបង្កលក្ខណៈ ដើម្បីអភិវឌ្ឍសមត្ថភាព ទេពកោសល្យនៃពលរដ្ឋរបស់ខ្លួន សុទ្ធសឹងចង់ឲ្យប្រទេសរុស្ស៊ីរុងរឿង និងជាដៃគូស្មោះត្រង់ បើកចំហរ ព្រមទាំងមានជំនឿចិត្ត ។
មេដឹកនាំរុស្ស៊ីថ្មីរូបនេះ បានសន្យនឹងតស៊ូ ដើម្បីសុភមង្គល និងជីវភាពថ្កុំថ្កើងរបស់ពលរដ្ឋ ។ លោកអះអាងថា រដ្ឋអំណាច និងប្រជាជនរុស្ស៊ី បានរួមគ្នាឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តដ៏យូរលង់ និងស្មុគស្មាញ ពង្រីកសមត្ថភាព និងមានជំនឿរឹងមាំ ចំពោះខ្លួនឯង ដែលបានពង្រឹងទឹកដី និងស្តារគុណធម៌ ក៏ដូចជាកិត្តិយសរបស់មហាអំណាចមួយ ។
លោកបញ្ជាក់ថា ពិភពលោក នឹងបានឃើញប្រទេសរុស្ស៊ីមួយ ដែលកំពុងរស់ឡើងវិញ ហើយជាលិទ្ធផលរបស់ពលរដ្ឋរុស្ស៊ីទាំងមូល បានរួមវិភាគទានទាំងអស់គ្នា ។
លោក ពូទីន ក៏បានវាយតម្លៃខ្ពស់ស្នាដៃរបស់អតីតប្រធានាធិបតី Medvedev និងរដ្ឋអំណាចរុស្ស៊ី ដេលបានធានាចរិតបន្តវេន និងការអភិវឌ្ឍន៍ ប្រកបដោយស្ថេរភាព ព្រមជាមួយនោះ ក៏បានសន្យនឹងអភិវឌ្ឍបន្ថែមទៀត លើមូលដ្ឋាននៃសមិទ្ធិផលទាំងអស់នេះ ។
នៅថ្ងៃដដែលនោះដែរ (៧ ឧសភា) លោក ពូទីន បានស្នើបេក្ខភាពលោក Medvedev ជានាយករដ្ឋមន្រ្តីទៅកាន់រដ្ឋសភារុស្ស៊ី ។ តាមបំណង Duma ជាតិ (រដ្ឋសភា) នឹងបើកសវនាការពិសេសនៅថ្ងៃទី៨ ឧសភា ដើម្បីពិនិត្យសំណើរនេះ ៕