
ថៃ (BBC): យ៉ាងហោចណាស់ មនុស្ស១២នាក់ បានបាត់បង់ជីវិត និងជាង១០០នាក់ទៀត បានរងរបួស ក្នុងហេតុការផ្ទុះរោងចក្រឧស្សាហកម្មគីមីមួយ នៅប្រទេសថៃ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើង ក្នុងតំបន់រោងចក្រឧស្សាហកម្មមួយ ក្នុងខេត្ត រ៉ាយ៉ង កាលពីថ្ងៃសៅរ៍ និងប្រើពេលរហូតដល់ទៅ ៤ម៉ោង ដើម្បីពន្លត់អគ្គីភ័យនេះ បានទាំងស្រុង។
លោកសេនី ជីតតាកាសេម អភិបាលខេត្តរ៉ាយ៉ង បានរៀបរាប់ហេតុការណ៍នេះឱ្យដឹងថា “ភាគច្រើននៃអ្នកស្លាប់ គឺជាកម្មករធ្វើការនៅរោងចក្រនោះ រីឯអ្នកដែលរួចផុតពីក្តីស្លាប់ ត្រូវបានគេបញ្ជូនទៅស្រុកកំណើតរួចរាល់ហើយ”។
រីឯលោកឆេរ៉ុន រីធីខានគុន ជាមន្ត្រីប៉ូលិសប្រចាំតំបន់មួយរូបបានឱ្យដឹងថា “មូលហេតុដែលបណ្តាលឱ្យផ្ទុះ រោងចក្រនេះ គេមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ ម៉្យាងទៀត នៅពេលនេះមន្ត្រីប៉ូលិសដទៃទៀត កំពុង បំពេញការងារយ៉ាងប្រញាប់ប្រញាល់ ក្នុងការស្វែងរកសាកសពដែលនៅសេសល់ កប់ក្រោមគំនរ បាក់បែកនៃអគារ។
គួរបញ្ជាក់ថា ខេត្តរ៉ាយ៉ង ស្ថិតនៅប្រមាណ១៤០គ.ម ភាគអាគ្នេយ៍ ទីក្រុងបាងកករបស់ប្រទេសថៃ ហើយខេត្ត នេះ គឺជាខេត្តឧស្សាហកម្ម ដ៏ធំបំផុតរបស់ប្រទេសផងដែរ ហើយវាក៏ជាតំបន់ឧស្សាហកម្មដ៏ធំមួយ ក្នុងពិភព លោក ផងដែរ៕អង្គរធំ