ថ្ងៃទី 15 ខែឧសភា ឆ្នាំ2012, ម៉ោង 06:56 AM ប្រែសម្រួលៈ ស៊ុនហ្វាន

ស៊ីរី (BBC): យ៉ាងតិចណាស់ មនុស្ស៣០ នាក់ ក្នុងនោះមានទាហាន២៣ នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាមួយ នៅកណ្តាលទីក្រុងរ៉ាស្ថាន(Rastan) ប្រទេសស៊ីរី។
ក្រុមសកម្មជនអង្កេតសិទ្ធិមនុស្សនៅស៊ីរី បាននិយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀត ក៏រងរបួសផងដែរ នៅក្នុងទីក្រុង ដែលស្ថិតនៅក្នុងខេត្តហូមស៍(Homs)នេះ។
រថយន្តដឹកកងទ័ពត្រូវបានកម្ទេច ក្នុងការប្រយុទ្ធ ។ ការវាយប្រហារនេះ ត្រូវបានគេសង្ស័យថា ជាការវាយប្រហារស្ម័គ្រស្លាប់ សងសឹកទៅនឹងការវាយប្រហាររបស់កងកម្លាំងសន្តិសុខ ទៅលើក្រុមប្រឆាំងនឹងរបបគ្រប់គ្រងប្រធានាធិបតីបារសារ អាល់អាសសាដ(Bashar al-Assad) ។ ព្រោះវាកើតឡើង ក្រោយពីកងកម្លាំងរដ្ឋាភិបាល បានបើកការវាយប្រហារ នៅរ៉ាស្ថាន កាលពីចុងសប្តាហ៍មុន បើទោះជាបទឈប់បាញ់គ្នា ដែលគាំទ្រដោយអង្គការសហប្រជាជាតិចូលជាធរមានកាលពី១ខែមុនក៏ដោយ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សយ៉ាងតិចណាស់ ៩០០០នាក់ បានស្លាប់ ចាប់តាំងពីមានបាតុកម្មតវ៉ាទាមទាររបបប្រជាធិបតេយ្យកាលពីខែមីនា ឆ្នាំ២០១១មក៕