ថ្ងៃទី​ 14 ខែឧសភា ឆ្នាំ2012, ម៉ោង 11:10 AM ប្រែសម្រួលៈ ស៊ុនហ្វាន

វ៉ាស៊ិងតោនៈ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា (Barack Obama) បាន ​ស្វាគមន៍​រដ្ឋាភិបាល​ក្រុង​កាប៊ុល ចំពោះ​ចំណាត់​​ការ​​ប​ង្កើត​កង​កម្លាំង​ក្នុង​តំបន់ ដើម្បី​រក្សា​សន្តិ​សុខ ក្នុង​ប្រទេសកាល​ពី​ថ្ងៃ​អាទិត្យ ថា ជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះ​ទៅមុខ។
ការផ្ទេរអំណាចកងទ័ព​ដល់កងកម្លាំងអាហ្វហ្គានីស្ថានដំណាក់ការទី៣ នេះ ជាផ្នែកមួយនៃវិធានការ៥ ដំណាក់ការ របស់អង្គការណាតូ មុននឹងដកខ្លួន​ចេញពីសង្គ្រាម​នៅ​អាហ្វហ្គា​នី​ស្ថាន ហើយ​ស្រុក១២២ នៅក្នុងប្រទេសនេះ នឹង​ស្ថិត​ក្រោម​ការត្រួតត្រា​របស់កង​កម្លាំងក្នុងតំបន់វិញ ដែលនេះមានន័យថា កងកម្លាំងអាហ្វហ្គានីស្ថាន បានត្រួតត្រា​លើផ្នែ​ក​សន្តិសុខ បាន៧៥% ហើយ។
លោកអូបាម៉ា បានស្វាគមន៍ក្នុងសេចក្តីថ្លែងការណ៍ថា” ខ្ញុំសូមស្វាគមន៍ចំពោះការប្រកាសរបស់​លោកប្រធានធិបតី(​ហាមីដ)​ ការហ្សៃ លើការផ្លាស់ប្តូរជំហានទី៣ នៅថ្ងៃនេះ ដែលនេះជាការប្រឹងប្រែងថ្មីមួយ របស់យើង នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន”។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយថា ការផ្ទេរអំណាចកងទ័ពមកដល់កងកម្លាំងអាហ្វហ្គានីស្ថានវិញ នៅដំណាក់​ការ​ទី៣​នេះ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដែលវានឹងត្រូវចំណាយពេលយ៉ាងតិច៦ខែ ហើយការបញ្ចប់អាណត្តិ​របស់កង​កម្លាំង​អន្តរជាតិ នៅអាហ្ចហ្គានីស្ថាន នឹងប្រើរយៈពេលពី១២ ទៅ១៨ខែ។
អង្គការណាតូ មានកងកម្លាំងសរុប ១៣០.០០០នាក់ ជួយដល់រដ្ឋាភិបាលការហ្សៃ ប្រយុទ្ធប្រឆាំងនឹងការបះបោរ​របស់​ក្រុម​ជ្រុលនិយមតាលីបង់ ។ កងកម្លាំងទាំងនេះ នឹងត្រូវដកចេញនៅចុងឆ្នាំ២០១៤ នៅពេលដេលយន្តការ​ផ្ទេរការ​ត្រួត​ត្រា ត្រូវបានបញ្ចប់។ ជាមួយគ្នានោះ អង្គការណាតូ ក៏បានបង្វឹកកងកម្លាំងអាហ្វហ្គានីស្ថាន ៣៥០.០០០នាក់ ដើម្បី​រក្សា​សន្តិសុខផងដែរ។
លោកអូបាម៉ា បាននិយាយថា” ខ្ញុំរំពឹងថា លោកប្រធានាធិបតីការហ្សៃ នឹងក្រុមមេដឹកនាំដទៃទៀត ដែលនឹងមកចូលរួម​ប្រជុំនៅឈីកាហ្គោ នឹងប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងសន្តិសុខ និងអធិបតេយ្យភាពបូរណភាពដែនដីអាហ្វហ្គានីស្ថាន"។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំអង្គការណាតូ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២០-២១ឧសភា នៅក្រុងឈីកាហ្គោ ដើម្បីបង្កើន​ភាព​ជាដៃគូនឹងគ្នា ក៏ដូចជាពិភាគ្សាលម្អិតពីការដកកងទ័ពពីអាហ្វហ្គនីស្ថាន ដែលក្នុងកិច្ចប្រជុំកំពូលនេះ ដែលគេរំពឹងថា នឹងមានភាពចម្រូងចម្រាសខ្លះ នៅពេលដែលប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោតថ្មី លោកហ្វ្រង់ស័រ ហូល្លង់ដេ​(Francois Hollande) បានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតថា នឹងជំរុញឲ្យប្រទេសរបស់លោក ឲ្យ​ដក​កង​ទ័ពបារាំង៣.៣០០នាក់ ចេញពីអាហ្វហ្គានីស្ថាន ឲ្យអស់នៅចុងឆ្នាំនេះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post