ថ្ងៃទី 19 ខែឧសភា ឆ្នាំ2012, ម៉ោង 04:23 PM ប្រែសម្រួលៈ ស៊ុនហ្វាន

ម៉ិកស៊ិក (BBC): ឧត្តមសេនីយ៍ទី៣ ត្រូវបានចាប់ឃុំខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងស្តេចត្រាញ់ជួញគ្រឿងញៀន។
លោកឧត្តមសេនីយ៍ រីការដូ អេស្ករសៀ វ៉ារហ្គាស (Ricardo Escorcia Vargas) ត្រូវបានចាប់ឃុំខ្លួន ដើម្បីស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្ម។
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់២នាក់ រួមមានឧត្តមសេនីយ៍ តូម៉ាស អែនចេលេស ដាអូហា (Tomas Angeles Dauahare) និងឧត្តមសេនីយ៍រ៉ូបឺរតៅ ដាវេ ហ្គនសាលេស (Roberto Dawe Gonzalez) ក៏ត្រូវបានខុំខ្លួន នៅក្នុងផ្ទះ ពីបទជាប់ពាក់ព័ន្ធនឹងករណីដូចគ្នាដែរ ដែលការចោទប្រកាន់នេះ ពួកគេបានបដិសេធ។
ពួកគេ ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធនឹងមេជួញដូរគ្រឿងញៀនបេលត្រាន ឡេយ៍វ៉ា (Beltran Leyva) ដែលជាបណ្តាញរត់ពន្ធកូកាអ៊ីន ហេរ៉ូអ៊ីន និងគ្រឿងញៀនដទៃទៀត ចូលទៅសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍អេនចេលស ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិម៉ិកស៊ិក ពីឆ្នាំ២០០៦ ដល់២០០៨ មុនពេលលោកចូលនិវត្តន៍។ លោកឧត្តមសេនីយ៍ដាវេ ជាមេបញ្ការកងពល នៅរដ្ឋកូលីម៉ា (Colima) ដែលជារដ្ឋមួយស្ថិតនៅតំបន់ឆ្នេរសមុទ្រម៉ិកស៊ិក ដែលជាផ្លូវរត់ពន្ធគ្រឿងញៀនដ៏សំខាន់មួយ។ ខណៈដែលលោកឧត្តមសេនីយ៍អេស្ករសៀ មានតួនាទីយោធានៅរដ្ឋម៉ូរ៉េឡូស(Morelos) ដែលជាមណ្ឌលប្រតិបត្តិការរបស់ក្រុមជួញដូរគ្រឿងញៀនបេលត្រាន ឡេយ៍វ៉ា។
ការចាប់ឃុំខ្លួនក្រុមឧត្តមសេនីយ៍ទាំងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
តុលាការ បានចេញបញ្ជាឲ្យចាប់ឃុំឧត្តមសេនីយ៍អែនចេលេស និងដាវេ នៅក្នុងផ្ទះរយៈពេល៤០ថ្ងៃ ខណៈដែលកំពុងធ្វើការស៊ើបអង្កេត ។ ជាមួយគ្នានោះ រដ្ឋអាជ្ញា បាននិយាយថា មនុស្ស៣-៤នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាកសិណសាក្សីប្រឆាំងនឹងឧត្តមសេនីយ៍ទាំង៣ នាក់នេះ៕