តាម Bloomberg ថ្ងៃទី៦ ឧសភា ដែល​ដក​ស្រង់​​សម្តី​របស់​​មន្រ្តី​អា​មេរិក​ ២ រូប ដែល​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្រុង​វ៉ាស៊ីន​តោន កំពុង​​តែ​ពិនិត្យ​​ការ​ផ្តល់​​បន្ថែម​​ឲ្យ​ហ្វីលី​ពីន នូវ​គ្រឿង​​សព្វា​វុធ​​ដូច​ជាៈ នា​វា​ល្បាត​សមុទ្រ​ រ៉ា​ដា​ឃ្លាំមើល​ ។ ក្រៅ​ពី​នោះ អាស្រ័យ​ដោយ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់ហ្វីលីពីន មាន​កំរិត អាមេរិក​ក៏កំពុង​ជួយ​ឲ្យប្រទេស​នេះ ទទួល​បាន​ការ​ប្រាស្រ័យ​គាំទ្រ​អំពី​កម្មវិធីទំនើប​កម្ម​យោធា​ ពីសំណាក់​សម្ព័ន្ធមិត្តផ្សេងទៀត​របស់​អាមេរិក​ ដូជាៈ ជប៉ុន កូរ៉េខាងត្បូង ​អូស្រ្តាលី ។
ព័ត៌មាន​ខាងលើ​ ត្រូវ​បានទម្លាយ​ចេញ​ ខណៈពេល​ដែល​ប្រមុខ​ការ​ទូត​ហ្វីលីពីន Albert Del Rosario សង្កត់ធ្ងន់ថា ចំណុច​ស្នូល​នៃ​កិច្ច​សហប្រតិបត្តិការ​​ រវាង​ប្រទេសនេះ និង​អាមេរិក​ គឺ “កសាង​ជំនឿ​ចិត្ត​លើ​​ប្រព័ន្ធការពារ​អប្បបរមា” ។ តាម AFP លោក Rosario នៅបាន​​ឲ្យដឹងថា ហ្វីលីពីន​ បាន​បញ្ជូន​ឲ្យអាមេរិក​ នូវ​បញ្ជី​សព្វាវុធ​​ត្រូវការ​ចាំបាច់​ រួមមានៈ​ នាវាល្បាត យន្តហោះឈ្លប​យក​ការណ៍ ប្រព័ន្ធរ៉ាដា និង​បណ្តា​ស្ថានីយ៍​តាម​ដាន​ឆ្នេរសមុទ្រ​ ។

មុននេះ នៅក្រុង​វ៉ាស៊ីនតោន (៣០ មេសា) មាន​អង្គប្រជុំ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ និងការពារជាតិ​​ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ ហ្វីលីពីន​បានអំពាវនាវ​អាមេរិក និង​សហគម​អន្តរជាតិ​ ជួយ​អភិវឌ្ឍ​កងកម្លាំង​ប្រដាប់អាវុធ ។

បរិបថ​ ខាងលើនេះ កើតឡើង​ក្នុង​សភាពការណ៍​ដែល​តានតឹង​ជិត​១ខែមកនេះ រវាង​ហ្វីលីពីន និង​តំបន់​ជុំវិញ​កោះថ្ម Scarborough ពុំមាន​ថយ​ចុះ ។ នៅថ្ងៃទី​៣ ឧសភា កងទ័ព​ហ្វីលីពីន​ បានចោទ​ប្រកាន់​ថា ក្រុង​ប៉េកាំង​​បាន​បង្កើន​ចំនួន​នាវា​នៅកោះ Scarborough ឡើងដល់​ ១៤ គ្រឿង ក្នុងនោះ មាន​នាវាល្បាត​ ៤ គ្រឿង ។ បើតាម​ China Daily ក្រសួងការបរទេស​ចិន​ បាន​ជំរុញ​​ឲ្យហ្វីលីពីន វិលត្រលប់​មក​រក​ដំណោះស្រាយ​ជម្លោះ​តាមរយៈ​ការទូតវិញ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post