
នាវាដឹកជញ្ជូនខ្នាតធំរបស់រុស្សី MV Alaed ត្រូវបានគេលើកឡើងថា កំពុងបានដឹកអាវុធ និងឧទ្ធម្ភាគចក្រ ប្រយុទ្ធ M125 ពីកំពង់ផែ Kaliningrad ទៅកាន់ស៊ីរី ហើយបច្ចុប្បន្នកំពុងស្ថិតនៅតំបន់សមុទ្រខាងជើង។
ហេតុនេះ កាលពីម្សិលមិញ អាមេរិកបានស្នើឲ្យរដ្ឋាភិបាលអង់គ្លេស ជួយរារាំងនាវា MV Alaed តាមរយះប្រើប្រាស់ច្បាប់ដាក់ទណ្ឌកម្ម បង្ខំឲ្យក្រុមហ៊ុនធានារ៉ាប់រង ដែលមានស្នាក់ការ នៅទីក្រុងឡុង ផ្អាកការធានារ៉ាប់រង ដល់នាវាដឹកទំនិញនេះ របស់រុស្សី។
តាមច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប ចំពោះស៊ីរីដែលចូលជាធរមាន ពីខែ ០៥/២០១១ នោះ បញ្ហាក្រុមហ៊ុនធានារ៉ាប់រង ដែលមានស្នាក់ការ នៅទីក្រុងឡុង ឲ្យហាមឃាត់ការផ្តត់ផ្គងសេវាធានារ៉ាប់រង ចំពោះនាវាដឹកអាវុធ ឬទំនិញ ដែលពាក់ព័ន្ធដល់ការនាំចូល ឬចេញពីស៊ីរី។ ករណីដែលក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់សេវាដល់នាវា MV Alaed នោះ នឹងបង្ខំឲ្យនាវានេះ ពេលចូលសំចត នៅកំពង់ផែស្របច្បាប់នានា ឲ្យចាប់បង្ខំឲ្យវិលត្រឡប់ទៅកាន់កំពង់ផែដើមវិញ។

ឧទ្ធម្ភាគចក្រ ប្រយុទ្ធ M125
ប៉ុន្តែ រដ្ឋាភិបាលរុស្សី បានច្រានចោល ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោន ហើយលើកឡើងថា ពួកគេដឹកជញ្ជូនអាវុធ ឲ្យរដ្ឋាភិបាលស៊ីរី និងមិនត្រូវបានប្រើប្រាស់សម្រាប់សង្រ្គាមស៊ីវិលទេ ហើយវាជាការអនុវត្តកិច្ចសន្យា ត្រូវបានចុះហត្ថលេខា ពីមុនពេលមានការកំណត់របស់អង្គការសហប្រជាជាតិ។