
ព្យុះកំណាច ដែលចាប់ផ្តើមកើតឡើង កាលពីយប់ថ្ងៃអាទិត្យ រួចបន្តមកដល់ព្រឹកម្សិលមិញ នោះបាន ជនលិចផ្លូវនិងផ្ទះជាច្រើនកន្លែង ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់ពាន់នាក់ ក្នុងខេត្តទាំង៣ខាងលើ។
នៅក្នុងខេត្តឈុមផន យ៉ាងហោចណាស់ ប្រជាជន៥០០ គ្រួសារ ក្នុងភូមិពីរនៅឃុំបាងណា ក្នុងស្រុកមឿង និងភូមិមួយ នៅក្នុងឃុំហ៊ីនកែវ ក្នុងស្រុកថាសែ ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកភ្លៀងមានកម្ពស់២ម. នៅក្នុងតំបន់មួយចំនួន។
ជាមួយគ្នានេះដែរ លោកស៊ុមឆាយ អ៊ិមយូ ដែលជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជលផល និងទឹក នៃនាយកដ្ឋានប្រព័ន្ធធារាសាស្ត្រ នៅតំបន់ភាគខាងត្បូង ប្រទេសថៃ បាននិយាយថា ព្យុះភ្លៀងកាលពីយប់ថ្ងៃសៅរ៍ រហូតមកបន្តដល់ម្សិលមិញនេះ បានធ្វើឱ្យមានការជនលិចតាមតំបន់មួយចំនួន ក្នុងខេត្ត ខណៈដែលផ្លូវជាច្រើនកន្លែង បានបិទដំណើរការជាបណ្តោះអាសន្ន។
ដោយឡែកអភិបាលខេត្តរ៉ាណង គឺលោកភីរ៉ាសាក់ ហ៊ីនមឿងកៅ បានថ្លែងថា លោកបានប្រាប់ភ្នាក់ងារសង្គ្រោះមហន្តរាយឱ្យជម្លៀសប្រ ជាជន ដែលស្នាក់នៅក្នុងផ្ទះជន់លិច ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ នៅក្នុងតំបន់ក្រាប៊ុរី។
មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាឱ្យក្រុមភ្នាក់សង្គ្រោះបន្ទាន់ ជួយជម្លៀសប្រជាជនដទៃទៀត នៅក្នុងស្រុកកាផាវ និងឡាអ៊ុនផងដែរ។
ចំពោះខេត្តមេហង់សន វិញ ភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃចន្ទ កន្លងមកនេះ បានធ្វើឱ្យមានបាក់ស្រុតដី ដែលត្រូវបង្ខាំងផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋដល់ភូមិផាកាឡូ ក្នុងឃុំផាងមូ ក្នុងស្រុកមឿង ផងដែរ។
ស្របពេលជាមួយគ្នានេះ នាយកដ្ឋានឧតុនិយម បានក្រើនរំលឹកដល់ប្រជាជននាភូមិភាគខាងជើង ខាងកើត និងភាគខាងលិច ឱ្យត្រៀមខ្លួន ការពារអាយុជីវិត ក្នុងអំឡុងពេលភ្លៀងធ្លាក់ ដែលអាចនឹងបន្តជន់លិចរហូតដល់២ ទៅ៣ ថ្ងៃទៀតផងដែរ៕