ថ្ងៃទី 29 ខែមិថុនា ឆ្នាំ2012, ម៉ោង 10:35 AM ប្រែសម្រូលដោយ : ឃ្លោក ចន្នី

វៀតណាម (BBC) ៖ ប្រទេសវៀតណាម បានសម្តែងប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់ប្រទេសចិន ដែលគ្រោងនឹងអញ្ជើញក្រុមហ៊ុនបរទេស ចូលរួមដេញថ្លៃ លើការរុករកប្រេង នៅតំបន់ដែលកំពុងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសវៀតណាម បានឱ្យដឹងថា “នេះគឺជារឿងមួយ ដែលខុសច្បាប់ និងឈ្លានពានបូរណភាពទឹកដី របស់វៀតណាម។ ម៉្យាងទៀត តំបន់ប្រេងទាំងនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច យ៉ាងសំខាន់របស់ វៀតណាម ហេតុនេះហើយ ទើបវាមិនអាចយកមកធ្វើជាកន្លែង ដើម្បីប្រជែងគ្នានេះឡើយ”។
ជាមួយគ្នានេះ ក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម Petro Vietnam ក៏បានអំពាវនាវ ដល់ក្រុមហ៊ុនប្រេងអន្តរជាតិនានា មិនចូលរួមការដេញថ្លៃនេះផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោកហុង ឡី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បាននិយាយឱ្យដឹងយ៉ាងខ្លីថា “វៀតណាម កំពុងតែធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ព្រោះអ្វីដែលយើងកំពុងធ្វើ គឺជាសកម្មភាពសេដ្ឋកិច្ចបែបធម្មជាតិមួយតែប៉ុណ្ណោះ។ ដូចនេះយើងស្នើឱ្យវៀតណាម កុំបន្តបញ្ហាស្មុគស្មាញ និងកាន់តែធ្ងន់ធ្ងរជាងនេះ”។
លោកង៉ាផាម ជាអ្នកយកព័ត៌មាន BBCប្រ ចាំប្រទេសវៀតណាម បានឱ្យដឹងថា “បំណងរបស់ប្រទេសចិន គឺចង់សងសឹកនឹងច្បាប់ថ្មី របស់វៀតណាម ដែលអះអាងបូរណភាពដែនដីរបស់ខ្លួន លើកោះផារ៉ាសេល (Paracel) និងស្ព្រេតលី (Spratly)។
គេនៅចាំបានថា កាលពីឆ្នាំ២០១១ វៀតណាម បានចោទប្រកាន់ចិន ម្តងរួចមកហើយថា បានប្រើប្រាស់នាវា ដើម្បីផ្តាច់ផ្លូវធ្វើដំណើរជើងទឹករបស់ខ្លួន ដែលកាលនោះ បង្កឱ្យមានប្រតិកម្មតវ៉ាយ៉ាងខ្លាំង ក្នុងប្រទេសវៀតណាម ។ ក្រៅពីវៀតណាម និងចិន ដែនសមុទ្រនេះ ពោរពេញទៅដោយប្រេង និងឧស្ម័នធម្មជាតិនេះ ត្រូវបានប្រទេសជាច្រើន បានទាមទារភាពជាម្ចាស់ ក្នុងនោះ ក៏មានប្រទេសហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ផងដែរ៕Agkor thom Media