ថ្ងៃទី 03 ខែកក្កដា ឆ្នាំ2012, ម៉ោង 04:21 PM ប្រែសម្រួលៈ ស៊ុនហ្វាន

ស៊ីរី (BBC): លោកបាសារ អាល់ អាសសាដ(Bashar al-Assad ) ត្រូវបានគេស្រង់សម្តីថា លោកសូមសម្តែងការសោកស្តាយ ចំពោះការបាញ់ទម្លាក់យន្តហោះទួរគី ដែលបានឆ្លងចូលដែនអាកាសស៊ីរី។
ក្នុងបទសម្ភាសន៍មួយជាមួយ កាសែតទួរគី Cumhuriyet (ខាមហ៊ូរីយ៉េត) លោកអាសសាដ បានលើកឡើងថា យន្តហោះនោះ បានហោះចូលដែនអាកាស ដែលយន្តហោះអ៊ីស្រាអែល ធ្លាប់រំលោភ។
យន្តហោះ F-4 ត្រូវបានបាញ់ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ កាលពីខែមុន ហើយមកទល់ពេលនេះ យានិក២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ។ ហេតុការណ៍នេះ បានបណ្តាលឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។
កាលពីសប្តាហ៍មុន លោករីសេប តាយយ៉េប អឺរដូហ្គែន(Recep Tayyip Erdogan) បានថ្កោលទោសចំពោះសកម្មភាពរបស់ស៊ីរី ដោយបានចាត់ទុកថា ប្រទេសជិតខាងនេះ កំពុងគំរាមកំហែងទួរគី។
ទួរគីបានបង្កើនកម្លាំងនៅតាមព្រំដែន និងពង្រាយកាំជ្រួចផ្លោង និងកាំភ្លើងបាញ់យន្តហោះជាច្រើន។ ខណៈដែលកាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងទួរគីF-16 ហៀបនឹងបាញ់ឧទ្ធម្ភាគចក្រស៊ីរីទៅហើយ នៅពេលដែលឧទ្ធម្ភាគចក្រនេះ ហោះនៅកៀកនឹងព្រំដែន។
ទោះយ៉ាងណាលោកអាសសាដ បាននិយាយថា “ខ្ញុំសូមបញ្ជាក់ថា យើងមិនចង់បាញ់ទម្លាក់យន្តហោះនោះ បង្កឲ្យមានការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរទេ”។
លោកបានលើកឡើងថា ការដែលកងទ័ពបាញ់ទម្លាក់ ដោយសារតែយន្តហោះនោះហោះនៅលើផ្លូវអាកាស ដែលអ៊ីស្រាអែលធ្លាប់ប្រើ កាលពីឆ្នាំ២០០៧ ដែលបានទម្លាក់គ្រាប់បែក នៅភាគឦសានប្រទេសស៊ីរី៕akt