អ្នកនាំពាក្យ ​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ជន​ស៊ីវិល​២​នាក់​ ត្រូវបាន​សម្លាប់​និង​៤​នាក់​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​និង​ ការបាញ់ប្រហារ​នៅ​ភាគខាងត្បូង​ថៃ នៅពេល​តំបន់​នេះ​ចាប់ផ្តើម​ខែ​ពិសិដ្ឋ​របស់​សាសនា​អ៊ិស្លាម​ដែល​គេ​ហៅ​ថា​ រ៉ា​ម៉ា​ដាន​។​

​ឆ្មាំសន្តិសុខ​អាយុ​២៥​ឆ្នាំ​ម្នាក់​ត្រូវបាន​ បាញ់សម្លាប់​នៅ​ខេត្ត​ផា​តានី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​បុរស​អាយុ​៣៩​ឆ្នាំ​ម្នាក់​​ទៀត​បាន​ស្លាប់​នៅពេល​ក្រោយមក​ទៀត​ដោយ​ ការផ្ទុះ​គ្រាប់​តាម​ដងផ្លូវ​មួយ​ក្នុង​ខេត្ត​យ៉ាឡា ដែល​ក៏​បាន​បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស​ផងដែរ​។​
​នៅ​ទីប្រជុំជន ​ស៊ុន​ហ្កាយ កូឡុក​នៃ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ជាប់​ព្រំដែន​ម៉ាឡេស៊ី គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះ​នៅ​ផ្លូវ​មាន​ការលក់ដូរ​មួយ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ដោយ​បណ្តាលអោយ​របួស​មនុស្ស​៣​នាក់​និង​បំផ្លាញ​តូប​ ទំនិញ​ជាច្រើន​។​

​គ្រឿងផ្ទុះ​ត្រូវបាន​បង្កប់​ក្នុង​រថយន្ត​មួយ​ បាំង​កន្លះ​មួយ​ដែល​ចត​ទុក​លើ​ផ្លូវ​និង​ត្រូវបាន​ចុច​បំផ្ទុះ​នៅពេលមនុ​ស្ស ​មក​ជួប​ជុំ​គ្នា​នៅ​​ផ្សារ​ពេលព្រឹក​។​

​អាជ្ញាធរ​បាន​ព្រមាន​ថា​ពួក​សកម្មប្រយុទ្ធ​ទំនង​ជា​ប៉ុនប៉ង​ធ្វើ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នៅ​មុន​រ៉ា​ម៉ា​ដាន​។​

​ ការបះបោរ​ស្រមោល​មួយ​ដែល​គ្មាន​អះអាង​អំពី​គោលបំណង​ច្បាស់លាស់​បាន​ឆាបឆេះ​ នៅ​ខេត្ត​ភាគខាងត្បូង​បី​របស់​ថៃ​​គឺ​ផា​តា​នី ,​ណារ៉ាត​ធី​វ៉ាត​និង​យ៉ាឡា ចាប់តាំងពី​ឆ្នាំ​២០០៤​មក​។​

​ការផ្ទុះ​គ្រាប់​និង​បាញ់ប្រហារ​ ស្ទើរ ​រាល់ថ្ងៃ​ដោយ​ផ្តោត​លើ​ទាំង​លើ​ទាហាន​និង​ស៊ីវិល អ្នក​កាន់​សាសនាព្រះពុទ្ធ​និង​អ៊ិស្លាម បាន​ឆក់​យក​អាយុជីវិត​ម​នុស្ស​ជាង​៥.០០០​នាក់​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​៕ (CEN.COM.KH)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post