
អ៊ីរ៉ាក់ (BBC): មន្ត្រីបាននិយាយថា ហេតុការណ៍បំផ្ទុះគ្រាប់បែកចុងក្រោយ នៅតាមបណ្តាទីក្រុងរហូតដល់ភាគខាងត្បូងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៧ នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀត ទទួលរងរបួសផងដែរ។
ហេតុការណ៍បំផ្ទុះគ្រាប់បែកពីរបានកម្ទេចផ្សារមួយ ក្នុងទីក្រុងម៉ាដឺន(Madaen) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ ស្លាប់បាត់បង់ជីវិត ខណៈដែលទីក្រុងម៉ាមូឌីយយ៉ា (Mahmudiyya) រងការដុតកម្ទេច ដោយហេតុការណ៍បំផ្ទុះ៣ ផ្សេងគ្នា ដែលមន្ទីរពេទ្យតូចមួយ រងការកម្ទេចដោយគ្រាប់មីសស៊ីលមួយ។
ហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តមួយ ក្នុងទីក្រុងណាចាហ្វ (NaJaf) កាលពីពេលថ្មីៗនេះ ដែលប៉ងបើកប្រតិបត្តិការលើពួកនិកាយស៊ីអា មូស្លីម បានបណ្តាលឱ្យមនុស្ស២៣ នាក់ ទទួលរងរបួស ស្របពេលដែលហេតុការណ៍បំផ្ទុះមួយផ្សេងទៀត បានវាយប្រហារលើគោលដៅស្ថានីយប៉ូលិសមួយកន្លែង នៅភាគខាងជើងទីក្រុងមូស៊ូល (Mosul)។
ដោយឡែក ប្រជាជនប្រចាំទីក្រុងម៉ាមូឌីយយ៉ា មួយរូបមានឈ្មោះអាលី កាម៉ាល់ (Ali Kamal) បានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិថា ប្រជាជនតាមបណ្តាក្រុង មានការព្រួយបារម្ភចំពោះហេតុការណ៍បំផ្ទុះ ដែលបានកើតឡើងឥតឈប់ឈរ លើពួកនិកាយទាំងអស់នោះ។
គួររំឭកផងដែរថា កាលពីខែមុន ការបំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្ស៨៤ នាក់ ចាប់តាំងពីកងកម្លាំងរបស់សហរដ្ឋអាមេរិក ដកទ័ពចេញ កាលពីឆ្នាំទៅមិញ៕