ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 10 សីហា 2012ម៉ោង 15:43:58
សារព័ត៌មានAFP បានផ្សព្វផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យ៉ុងបាក់ នៅថ្ងៃទី១០ ខែសីហានេះ បានបំពេញទស្សនកិច្ចនៅកោះក្នុងតំបន់ សមុទ្រជប៉ុនដែលគ្រប់គ្រងដោយទីក្រុងសេអ៊ូល ប៉ុន្ដែទីក្រុងតូក្យូប្រកាសថា ស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្លួនផងដែរ ។ កាលពីថ្ងៃទី៩ ខែសីហា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានប្រកាសដល់ភាគីទីក្រុងតូក្យូដឹងថា ប្រធានាធិបតីលី ម្យ៉ុង បាក់ នឹងធ្វើដំណើរទៅកាន់ប្រជុំកោះ ដែលកូរ៉េខាងត្បូងហៅថាកោះDokdo ចំណែកជប៉ុនហៅថា កោះ Takeshima ស្ថិតនៅតំបន់សមុទ្រនៃប្រទេសទាំង២ ។ វិវាទរវាងប្រជុំកោះនោះបានកើតឡើង តាំងពីប៉ុន្មានទសវត្សរ៍មុនមកម្ល៉េះ ។
នេះជាដំណើរទស្សនកិច្ចលើក ដំបូង គេបង្អស់របស់មេដឹកនាំកូរ៉េខាងត្បូងទៅកាន់ប្រជុំកោះដុកដូ ។ រដ្ឋមន្ដ្រីការបរទេសជប៉ុន លោកគូអ៊ីជីរ៉ូ ហ្គេមបា មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅថ្ងៃទី១០ ខែសីហាថា ដំណើរ ទស្សនកិច្ចរបស់លោកលី ម្យ៉ុងបាក់អាច ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ ។
លោក ហ្គេមបា បញ្ជាក់ទៀតថា “ប្រសិនបើដំណើរទស្សនកិច្ចនោះត្រូវ បានធ្វើឡើង វាប្រាកដជាប៉ះពាល់ដល់ ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនដែលនឹង ដើរផ្ទុយពីគោលជំហររបស់ជប៉ុយហើយ យើងនឹងតបតវិញឱ្យបានស័ក្ដិសមបំផុត” ។
តាមប្រភពព័ត៌មាន ប្រធានាធិបតិ លី ម្យ៉ុងបាក់ នឹងធ្វើដំណើរតាមឧទ្ធម្ភាគ ចក្រនៅព្រឹកថ្ងៃទី១០ ខែសីហា ដោយ ទៅដល់ប្រជុំកោះនោះនៅរសៀលថ្ងៃ ដដែល ។ លោកលី ម្យ៉ុងបាក់ នឹងមាន វត្ដមាននៅទីនោះរយៈពេលខ្លីប៉ុណ្ណោះ ។ អមដំណើរលោកលី ម្យ៉ុងបាក់ មានរដ្ឋ មន្ដ្រី២រូបផងដែរ ។
ទំនាក់ទំនង កូរ៉េខាងត្បូង-ជប៉ុនបាន ប្រឈមមុខតានតឹងដាក់គ្នារយៈពេលកន្លងមក ក្រោយពេលដែលកូរ៉េខាងត្បូង បង្កើនទីតាំងហ្វឹកហ្វឺនយោធានៅលើដែន អាកាសប្រជុំកោះដុកឌូ ដោយរដ្ឋាភិបាល ទីក្រុងតូក្យូប្រឆាំងជំទាស់យ៉ាងខ្លាំងទៅ លើសកម្មភាពទាំងនោះ ៕

