ថ្ងៃទី​ 22 ខែសីហា ឆ្នាំ2012, ម៉ោង 05:49 AM ប្រែសម្រួលៈ ស៊ុនហ្វាន
1

លោកថាក់ស៊ីន ឈីណាវ៉ាត់ និង​ប្អូនស្រី​ លោកស្រីយិងឡាក់ ឈីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ឈីណាវ៉ាត់ និង​ប្អូនស្រី​ លោកស្រីយិងឡាក់ ឈីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ

ថៃ (Thairath): លោកស្រី​យិ​ងឡាក់ ឈី​ណា​វ៉ាត់ នាយក​រដ្ឋ​មន្ត្រី​ថៃ ត្រូវ​បាន​ក្រុម​ប្រឆាំង​ចោទ​ប្រកាន់​ថា មិន​បាន​បំពេញ​តួនាទី ប្រកាន់​បក្ស​ពួក​ សាច់​ញាតិ បន្ទាប់​ពី​លោក​ស្រី​មិន​បាន​ស្នើ​ទៅ​អាមេរិក ធ្វើ​​បត្យាប័ន បញ្ជូន​​ខ្លួន​​លោក​​ថាក់ស៊ីន ឈីណាវ៉ាត់ ដែល​​ត្រូវ​​ជា​​បង​​ប្រុស​របស់​លោក​ស្រី មក​ប្រទេស​ថៃ​វិញ ក្នុង​ឋានៈ​ជា​​ទណ្ឌិត​ឆ្លង​ដែន​។
លោកស្រីយិងឡាក់ បានថ្លែងបញ្ជាក់​ករណី​ដែលក្រុមហ្គ្រីន ត្រៀមធ្វើញត្តិ ប្តឹងទៅគណៈកម្មការការពារ និង​បង្ក្រាបអំពើពុករលួយជាតិ ដោយចោទប្រកាន់លោកស្រី​មិន​បំពេញ​តួនាទី​ខ្លួន តាមមាត្រាទី១៥៧ លើករណី​មិនស្នើសុំអាមេរិកធ្វើបត្យាប័ន បញ្ជូនខ្លួនលោកថាក់ស៊ីន ឈីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ តាមកិច្ចព្រមព្រៀងបត្យាប័ន បញ្ជូនអ្នក​ទោស​ឆ្លងដែន រវាងអាមេរិក និងថៃ ថា លោកស្រីមិនបានបញ្ជាអ្វីទេ ដោយទុកករណីនេះ ឲ្យ​ដំណើរ​ការទៅតាមនីតិវិធីទៅចុះ។
ចំពោះព័ត៌មានដែលថា រដ្ឋាភិបាល ត្រៀមនឹងថ្លែងបញ្ជាក់ពីសមិទ្ធិផលរបស់ខ្លួន ក្នុងអំឡុងពេលដឹកនាំប្រទេសជាតិគម្រប់១ឆ្នាំ នៅថ្ងៃទី២៥-២៦សីហានោះ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាននិយាយថា នេះជាការយល់ច្រឡំទេ ព្រោះខណៈនេះរដ្ឋាភិបាល កំពុងប្រមូលទិន្នន័យពីគ្រប់ស្ថាប័នពាក់ព័ន្ធ មុននឹងបោះពុម្ពជាសៀវភៅឯកសារ ដាក់​ជូនសភាជាតិ។
គួរបញ្ជាក់ថា លោកស្រីយិងឡាក់ បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៣កក្កដា ២០១១ បន្ទាប់ពីគណបក្សភឿថៃ របស់លោកស្រី ទទួលបានអាសនៈ២៦៥ ក្នុង​អាសនៈ​សភា ៥០០អាសនៈ ក្នុង​ការបោះឆ្នោតជាតិកាលពីឆ្នាំ២០១១។ ដោយសារតែលោកស្រីជាប្អូនស្រីបង្កើត របស់លោកថាកស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបាន​បណ្តេញ​ចេញពីអំណាចកាលពីឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធា ទើបលោកស្រីតែងតែរងការវាយប្រហារពីការព្រងើយកន្តើយក្នុងការតាមចាប់ខ្លួនលោកថាក់ស៊ីន ដែល​រង​ការ​ចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយ។ ប៉ុន្តែករណីនេះ លោកស្រីបានបញ្ជាក់ជាញយៗថា លោកស្រីមិនយល់ញាតិ ឃ្លាតច្បាប់នោះទេ តែទុកករណីនេះ ឲ្យដំណើរការ​ទៅ​តាម​នីតិវិធី ខណៈដែលក្រុមប្រឆាំងតែងតែតាមចាប់កំហុសជានិច្ច។
មុននេះបន្តិច គេជឿថា រដ្ឋាភិបាលក្មេងខ្ចី របស់លោកស្រី នឹងមិនអាចឈរជើងបាន១ ឆ្នាំទេ ប៉ុន្តែ គម្រប់ខួប១ឆ្នាំ បានកន្លងផុតទៅហើយ រដ្ឋាភិបាលនេះ នៅតែបោះ​ជំហាន​ទៅ​មុខជានិច្ច បើទោះជារងការវាយប្រហារ រិះគន់ពីក្រុមប្រឆាំងជាបន្តបន្ទាប់ក៏ដោយ។ គេរំពឹងថា នាយករដ្ឋមន្ត្រីស្រី វ័យ៤៥ ឆ្នាំ រូបនេះ នឹងបន្តដឹកនាំប្រទេសថៃទៅមុខទៀត ពិសេស​ស្តារមិត្តភាព និងបង្កើនចំណងការទូតជាមួយប្រទេសជិតខាង ពិសេស ករណីវិវាទរឿងប្រាសាទព្រះវិហារជាមួយកម្ពុជា​៕AGKOR THOM

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post