ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2012, ម៉ោង 06:23 AM ប្រែសម្រួលៈ ស៊ុនហ្វាន
ប៉ូលិសប៉ាគីស្ថាន កំពុងពិនិត្យមើលសាកសពជនរងគ្រោះ ក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយ កាលពីថ្ងៃទី១៦ កញ្ញា (រូប AP )ប៉ាគីស្ថាន (BBC, AP): យ៉ាងហោចណាស់ មនុស្ស១៥ នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ នៅក្នុងក្រុងឡូវើរ ឌៀរ(Lower Dir) ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
មនុស្ស១២ នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះកាលពីថ្ងៃអាទិត្យ។ គ្រាប់បែកនេះ បានផ្ទុះ ពេលដែលរថយន្តដឹកទំនិញរបស់អ្នកភូមិ កំពុងធ្វើដំណើរទៅកាន់ផ្សារមួយ នៅជិតតំបន់ព្រំដែនអាហ្វហ្គានីស្ថាន។
តំបន់ព្រំដែនឡូវើរ ឌៀរ ដែលស្ថិតនៅតំបន់ជ្រលងភ្នំស្វាត(Swat) ជា កន្លែងដែលកងកម្លាំងប៉ាគីស្ថាន បានបណ្តេញក្រុមតាលីបង់ កាលពីឆ្នាំ២០០៩ បន្ទាប់ពីតំបន់នេះ រងការវាយប្រហារជាញឹកញាប់ពីក្រុមសកម្មប្រយុទ្ធ នាអតីតកាល។ ក្រុមតាលីបង់ ដែលត្រូវបានបណ្តេញចេញទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបោះទីតាំង នៅប្រទេសអាហ្វហ្គានីស្ថាន ដោយគ្រាន់តែឆ្លងកាត់តំបន់ព្រំដែនប៉ុណ្ណោះ។
ក្រុមអ្នកភូមិកំពុងសែងសាកសពជនរងគ្រោះ (រូប AP )មកទល់ពេលនេះ នៅមិនទាន់មានក្រុមណា អះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេ ប៉ុន្តេគេសង្ស័យថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕
ហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្រុងឡូវើរ ឌៀរ ជាប់ព្រំដែនអាហ្វហ្គានីស្ថាន(រូប EPA )