ថ្ងៃទី​ 12 ខែកញ្ញា ឆ្នាំ2012, ម៉ោង 11:21 AM ប្រែសម្រូលដោយ : ឃ្លោក ចន្នី
1

ថៃ (BBC) : អាជ្ញាធរ​ក្រុង​សុខោទ័យ បាន​​ប្រ​ញាប់ដៃប្រញាប់ជើង ក្នុងកា​រទប់​​ទឹកជំនន់មិនឱ្យលិច​ទីក្រុងប្រវត្តិ​សា​​​ស្ត្រនេះ ដោយ​បាន​យក​​បាវ​​ខ្សា​ច់​មក​បាំង​ធ្វើ​ជាទំនប់​ ដើម្បី​ប​ញ្ឈ​ប់​ទឹក​ជំនន់ ដែល​លិច​ចេញ​ពី​ទន្លេយុំ កាលពី​ថ្ងៃម្សិល​មិញ​នេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ទឹកទ​ន្លេយុំ ក្នុងក្រុងសុខោទ័យ បានកើន​ឡើងស្រឺតៗជាលំដាប់ តម្រូវឱ្យ​អា​ជ្ញាធរចាត់វិធាន​ការជាបន្ទាន់ ដោ​​យ​តម្រូវឱ្យមានការទប់​ ដោយ​ប្រើ​បាវ​ខ្សាច់​នៅ​តំបន់​ច្រាំងទន្លេ ដើ​ម្បី​ការពារ​កុំឱ្យបាក់ទំនប់ និងលិច​ទី​ក្រុង​ប្រវត្តិសាស្ត្រ​​ដ៏មានត​ម្លៃ​នេះ​។​
របាំងការពារទឹកដែលគេទប់នៅ​មាន​ប្រវែង រហូតដល់ទៅ២០០ម. ​ឯណោះ ហើយទឹកដែលជ្រាបត្រូវ​បានគេ​បូម​ចេញ។ ម៉្យាងទៀត ទឹក​ជំន​ន់នេះ​មាន​កម្ពស់ រហូត​ដល់​ទៅ​២ ​ម៉ែត្រឯណោះ។
លោកព្រីឆា រ៉េងសុមប៊ូនស៊ុក រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និងបរិស្ថាន បាននិយាយប្រាប់ឱ្យដឹង​ថា “ទឹកជំនន់នេះ នឹងមិនបង្កឱ្យប៉ះពាល់ដល់ទីក្រុងយ៉ាងធ្ងន់ធ្ងរនោះឡើយ ព្រោះគេរំពឹងថា ក្រុងសុខោទ័យ នឹងមិនរងការប៉ះពាល់ឡើយ ហើយទឹកនឹងស្ងួតទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ”។
លោកចាក់គ្រីន ភ្លៀនវង់ ជាអភិបាល​ក្រុងសុខោ​ទ័យ បានឱ្យដឹងថា “មូលហេតុដែលបណ្តាលឱ្យមានទឹកជំនន់នេះគឺ មកពីទំនប់ឃាំងទឹក បានរងការខូចខាត ដែលជាហេតុ​ធ្វើឱ្យ​ផ្លូវគមនាគមន៍ និងផ្ទះសំបែងមួយចំ​នួន ​របស់​ប្រជាពលរដ្ឋរងការប៉ះពាល់។ ប៉ុន្តែ យើងបានរៀបចំកន្លែងស្នាក់នៅសម្រាប់ប្រជាជន ១.០០០នាក់ រួចជាមុនហើយ រួមទាំង​ឧបករណ៍​សម្រាប់ដឹកជញ្ជូនទ្រព្យ​សម្បត្តិ​ និងប្រជាជនផងដែរ”។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះដែរ មានរបាយការណ៍ថា ស្រុកចំនួន៦ នៅក្នុងខេត្តអយុធ្យា បានលិចលង់ដោយទឹកជំនន់។ ប៉ុន្តែ មន្ត្រីផ្នែក​ធន​ធានទឹក និងឧតុនិយម​របស់ប្រទេសថៃ រំពឹងថា កម្រិតទឹកនឹងនឹង ឬអាចស្រកចុះ ប្រសិនបើគ្មានភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយពួកគេនឹងនៅតែ​បន្តតាមដាន​ស្ថាន​ភាព​ទឹកជំនន់ជាប់​ជានិច្ច​ផងដែរ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post