ក្រុង តូក្យូៈ នាវា​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​បាញ់​ទឹក​ដើម្បី​បណ្តេញ​នាវា​នេសាទ​តៃវ៉ាន់​ប្រមាណ​៤០​គ្រឿង និង​នាវា​ឆ្មាំ​សមុទ្រ​តៃវ៉ាន់​៨​គ្រឿង​ឲ្យ​ចេញ​ពី​ដែន​ទឹក ដែល​ជប៉ុន​ចាត់​ទុក​ថា​ជា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​របត់​មួយ ដែល​គេ​មិន​នឹក​ស្មាន​ដល់​ចំពោះ​ជម្លោះ​មួយ​ រវាង​ក្រុង​តូក្យូ និង​ក្រុង​ប៉េកាំង​។
អនុ ​រដ្ឋមន្ត្រី​ការបរទេសជប៉ុន លោក​ឈីកាអូ កាវ៉ាយ (ទីបីស្តាំ) ក្នុង​ពេល​ជួប​ជាមួយ​សមភាគីចិន ជុំវិញ​ជម្លោះទឹក​ដីនៅ​ក្រុង​ប៉េកាំង។ Reuters
ជប៉ុន បាន​តវ៉ា​ទៅ​តៃវ៉ាន់ មួយ​ថ្ងៃ​បន្ទាប់​ពី​ខ្លួន បាន​ប្តឹង​ទៅ​ចិន​ ជុំវិញ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា ជា​ការ​ឈ្លានពាន​របស់​នាវា​ចិន។
ទំនាក់ ទំនង​ចិន-ជប៉ុន បាន​ដុនដាប​យ៉ាង​ខ្លាំង​ក្នុង​ខែ​នេះ ​បន្ទាប់​ពី​ជប៉ុន​បាន​ទិញ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ នៅ​សមុទ្រ​ចិន​ខាង​កើត​ដែល​ជប៉ុន​ហៅ​ថា​កោះ​សេនកាគូ ហើយ​ចិន​វិញ​ហៅ​ថា កោះ​ឌាវយូ ដោយ​បង្ក​ជា​ការ​តវ៉ា​ប្រឆាំង​ជប៉ុន​នៅ​ទូទាំង​ប្រទេស​ចិន។
តៃវ៉ាន់ មាន​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​ជប៉ុន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ បាន​ឈ្លោះ​គ្នា​ជា​យូរ​មក​ហើយ​ជុំវិញ​សិទ្ធិ​នេសាទ​ក្នុង​តំបន់​នោះ​។ ចិន និង​តៃវ៉ាន់ អ្នក​ទាំង​ពីរ​សុទ្ធ តែ​បាន​លើក​ឡើង​ថា ពួក​គេ មាន​មរតក​អធិបតេយ្យ​ជា​ប្រវត្តិ​សាស្រ្ត​របស់​ចិន ជុំវិញ​ប្រជុំ​កោះ​នេះ​។
រដ្ឋ​មន្ត្រី​ទីស្តីការ​រដ្ឋ​មន្ត្រី​ ជប៉ុន​លោក អូសាមូ ហ៊្វូជីមូរ៉ា បាន​ថ្លែង​ថា ឆ្មាំ​សមុទ្រ បាន​ប្រើ​កាណុង​បាញ់​ទឹក និង​វិធាន​ការ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​នាវា​តៃវ៉ាន់​ទាំង​នោះ ផ្លាស់​ប្តូរ​ទិស​ដៅ​។
ឆ្មាំ​សមុទ្រ​ជប៉ុន បាន​និយាយ​ថា ក្រុម​នាវា​នេសាទ​តៃវ៉ាន់ និង​នាវា​ឆ្មាំ​សមុទ្រ​ទាំង​អស់ ​ចាប់​តាំង​ពី​ពេល​នោះ​មក បាន​ចាក​ចេញ​ពី​ដែន​ទឹក​នោះ​។
ទូរទស្សន៍​ ជប៉ុន NHK ​បាន​បង្ហាញ​រូបភាព​នៃ​នាវា​ឆ្មាំ​សមុទ្រ​ជប៉ុន​បាញ់​ទឹក​ដាក់​នាវា​នេសាទ​ តៃវ៉ាន់​មួយ​គ្រឿង រីឯ​នាវា​ល្បាត​តៃវ៉ាន់​មួយ​គ្រឿង បាន​បាញ់​ទឹក​ដាក់​នាវា​ឆ្មាំ​សមុទ្រ​ចិន​តបវិញ​។
ខណៈ​អ្នក​ជំនាញ ខ្លះ រំពឹង​ពី​ការ​ប្រឈម​មុខ​ខាង​យោធា​មួយ ​ការ​ប៉ះ​ទង្គិច​ដោយ​អចេតនា​មួយ​នៅ​ឯ​សមុទ្រ​ នឹង​បង្កើន​ភាព​តាន​តឹង​ ថ្វី​បើ​គ្រប់​ភាគី ត្រូវ​បាន​រំពឹង​ថា​នឹង​ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​នេះ​មុន​ពេល​វា​កើន​ឡើង​ មិន​អាច​គ្រប់គ្រង​បាន​ក៏​ដោយ​។
អុ្នក​ការ​ទូត​កំពូល​ជប៉ុន​ អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​លោក ឈី​កាអូ កាវ៉ាយ បាន​ស្ថិត​ក្នុង​ក្រុង​ប៉េកាំង​ដើម្បី​ជួប​ប្រជុំ​ជាមួយ​អនុ​រដ្ឋ​មន្រ្តី ការ​បរទេស​ចិន​លោក​ចាង ឈីជុន ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​នៅ​អាស៊ី​។
លោក​ ហ៊្វូជីមូរ៉ា បាន​ប្រាប់​សន្និសីទ​កាសែត​ថា​៖ «​យើង​ទើប​តែ​បាន​ដាក់​ការ​តវ៉ា​ទៅ​ភាគី​តៃវ៉ាន់​។ គោល​ជំហរ​របស់​យើង គឺ​ថា នេះ ជា​អ្វី​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​​ក្នុង​បរិបទ​នៃ​ទំនាក់​ទំនង​ទ្វេ​ ភាគី​ល្អ​រវាង​ជប៉ុននិង​តៃវ៉ាន់​។ យើង ចង់​ដោះស្រាយ​បញ្ហា​នេះ ​ដោយ​សន្តិវិធី​»។
ចំណែក​ឯ​ក្រសួង​កសិកម្ម​របស់​ចិន​វិញ បាន​និយាយ​ថា នាវា​ចិន​ជិត​២០០​គ្រឿង បាន​និង​កំពុង​តែ នេសាទ​នៅ​ក្នុង​ដែន​សមុទ្រ​ជុំវិញ​ប្រជុំ​កោះ​ថ្ម​មួយ​ក្រុម​ នៅ​ក្បែរ​ទីតាំង​នេសាទ សម្បូរ​ត្រី ហើយ​អាច​នឹង​មាន​ធន​ធាន​ឧស្ម័ន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​ដែល​មាន​ជម្លោះ​ជាមួយ​ជប៉ុន​៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post