- Saturday, 20 October 2012 15:19

ដំណឹងស្តីពីការធ្វើសមយុទ្ធនេះ ទើបនឹងត្រូវបានរដ្ឋាភិបាលចិនប្រកាសឲ្យដឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ ដោយប្រកាសឲ្យដឹងតាមរយៈទីភ្នាក់ងារព័ត៌មានស៊ីនហួ ដែលជាទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ។
នៅក្នុងសេចក្តីប្រកាសនេះ ចិនមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងច្បាស់លាស់ នៃសមយុទ្ធនេះទេ គឺគ្រាន់តែឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើនៅថ្ងៃសុក្រ នៅក្នុងសមុទ្រចិនខាងកើត។ ចំពោះចំនួន និងប្រភេទទ័ពវិញ បញ្ជាការដ្ឋានកងទ័ពជើងទឹកចិនបានឲ្យដឹងថា សមយុទ្ធនេះនឹងមានការចូលរួមដោយយន្តហោះចម្បាំង ចំនួន ៨គ្រឿង ព្រមទាំងនាវា ១១គ្រឿង (ដែលខ្លះជានាវាចម្បាំង ខ្លះជានាវាល្បាតដែនសមុទ្រ និងខ្លះទៀតជានាវារបស់ទីភ្នាក់ងារជលផល)។
ចិនក៏បានបញ្ជាក់ផងដែរថា គោលដៅចម្បងនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកចិន ក្នុងការការពារអធិបតេយ្យភាពដែនដី និងការពារផលប្រយោជន៍របស់ចិន នៅក្នុងដែនសមុទ្រ។
សមយុទ្ធទ័ពជើងទឹកនេះ គឺជាវិធានការថ្មីមួយទៀតរបស់ចិន ដើម្បីជាការបង្ហាញសាច់ដុំដាក់ជប៉ុន នៅក្នុងពេលដែលប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា ដោយសារតែជម្លោះដណ្តើមប្រជុំកោះ។ ប្រសិនបើសមយុទ្ធទ័ពជើងទឹកចិនថ្ងៃសុក្រនេះ ធ្វើឡើងនៅក្នុង ឬនៅក្បែរដែនទឹក ជុំវិញប្រជុំកោះដែលជាប់ជម្លោះនេះ វាអាចនឹងធ្វើឲ្យជម្លោះនេះរាលដាលកាន់តែខ្លាំងថែមទៀត ដែលកាន់តែពិបាកក្នុងការដោះស្រាយ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ បណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុករបស់ជប៉ុនបានផ្សព្វផ្សាយថា ជប៉ុន និងអាមេរិកក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធរួមគ្នាមួយដែរ នៅខែក្រោយនេះ។ សមយុទ្ធអាមេរិក និងជប៉ុននេះ គ្រោងនឹងធ្វើនៅអូគីណាវ៉ា ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រជុំកោះជាប់ជម្លោះ ហើយក្នុងសមយុទ្ធនេះ ទាហានអាមេរិក និងទាហានជប៉ុនក៏នឹងធ្វើការហាត់សមផងដែរ អំពីប្រតិបត្តិការវាយដណ្តើមយកកោះ ដែលត្រូវទ័ពបរទេសឈ្លានពានកាន់កាប់។ ទាំងនេះសុទ្ធសឹងតែជាវិធានការ ដែលអាចនាំទៅការរាលដាលនៃជម្លោះ ជាជាងការបន្ធូរបន្ថយភាពតានតឹង រវាងចិន និងជប៉ុន៕ ដោយ សេង ឌីណា (RFI)