ប្រភព​ព័ត៌​មាន​​ប៉ូលិស​ និង​មន្ទីរ​ពេទ្យ​​រាយ​ការណ៍​ថា ម​នុស្ស​​យ៉ាង​តិច​៣១​​​នាក់​​​បាន​ត្រូវ​ស្លាប់​​ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ក្នុង​អំពើ​ហិង្សា​​​​​​ថ្មី​ៗ​​នៅ​អីុរ៉ាក់​ ពិសេស​​​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​មួយ​ចំនួន​​ហាក់​​ដូច​ជា​​មាន​ការ​ សម្រប​សម្រួល​គ្នា​​ក្នុង​​បណ្តា​ទីក្រុង​​ដែល​មាន​​ពួក​ស៊ី​អីុត​ភាគ​ ច្រើន។
យោង​តាម​​តុល្យ​ការ​​មួយ​ថា អំពើ​ហិង្សា​​នៅ​អីុ​រ៉ាក់​​បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​ជាង​៣៧០​​នាក់​​ ចាប់​តាំង​ពី​​ដើម​ខែ​កក្កដា​មក ​និង​ជាង​២.៦០០​នាក់​​​ចាប់​ពី​ខែ​មករា​មក ។ការ​វាយ​ប្រហារ​​យ៉ាង​បង្ហូរ​​ឈាម​​​ទាំង​ឡាយ​​កាល​ពី​ថ្ងៃ​ទី​​១៤ ​កក្កដា គឺ​សំដៅ​​នា​ពេល​យប់​លើ​បណ្តា​មូល​ដ្ឋាន​នៅ​ភាគ​​កណ្តាល​​ និង​ភាគ​ខាង​ត្បូង​​អីុ​រ៉ាក់​ ​ដែល​មាន​ពួក​​​ស៊ី​អីុត​​ភាគ​ច្រើន ។
នៅ​ទីក្រុង​គូត​ចម្ងាយ​១៦០​គីឡូ​ម៉ែត្រ​​ ភាគ​អាគ្នេយ៍​​ក្រុង​​បាដាដ មនុស្ស​៩​​នាក់​​បាន​ត្រូវ​​ស្លាប់​​ ហើយ​​៤២​នាក់​ទៀត​​ត្រូវ​របួស​​ ដោយ​សារ​ការ​ផ្ទុះ​​រថ​យន្ត​​​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​នៅ​ជិត​ហាង​នំប័ុង​​ មួយ​។ ​ការ​ផ្ទុះ​​រថ​យន្ត​ដាក់​គ្រឿង​ផ្ទុះ​​មួយ​ទៀត​​ ​បណ្តាល​ឱ្យ​​ប៉ូលិស​​២​នាក់​ត្រូវ​របួស​ នៅ​ភាគ​​ខាង​ជើង​ក្រុង​​ហ៊ីល​ឡា ។ នៅ​​ក្រុង​គ័រ​​បាឡា​ ជា​ទី​ក្រុង​​ស៊ី​អីុត​ស្ថិត​នៅ​ចម្ងាយ​​១១០​​គីឡូ​ម៉ែត្រ​​​ ខាង​ត្បូង​​ក្រុង​បាដាដ មនុស្ស​៤​នាក់​​ស្លាប់​ និង​១៩​នាក់​​​ទៀត​ត្រូវ​​របួស​ក្នុង​ការ​ផ្ទុះ​​រថ​យន្ត​​ជិត​ផ្សារ​មួយ​ ។ មនុស្ស​​២​នាក់​​ស្លាប់ ​និង​២៥​នាក់​​របួស​ក្នុង​​ការ​ផ្ទុះ​​ប្រភេទ​ដូច​គ្នា​​នេះ​នៅ​ក្រុង​​​ណា​ ស៊ីរីយ៉ាហ៍​ ។ ​នៅ​កំពង់​​​​ផែ​ក្រុង​​បា​ស្រា​​ រថ​យន្ត​​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​​ ព្រម​ទាំង​​គ្រាប់​បែក​​មួយ​គ្រាប់​​បាន​ផ្ទុះ​​ ប​ណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​៨​នាក់​​ និង​របួស​​៣៥​នាក់ ។
ចាប់​តាំង​ពី​​ច្រើន​ឆ្នាំ​​មក​ហើយ ​ប្រទេស​អីុ​រ៉ាក់​​ប្រឈម​មុខ​នឹង​​ការ​វាយ​ប្រហារ​​នានា​របស់​ពួក​​បះ​បោរ​ ប៉ុន្តែ​​យោង​តាម​​ពួក​អ្នក​​ជំនាញ​​​ការ​ថា ការ​មិន​​សប្បាយ​​​ចិត្ត​​កាន់​តែ​​ខ្លាំង​ឡើង​​​ក្នុង​​​​ផ្ទៃ​នៃ​សហ​គម​ន៍ ​​ស៊ុន​នីត​​មាន​​ភាគ​តិច​ជាង​​ពួក​ស៊ី​អីុត​​ ដែល​​​រដ្ឋា​ភិបាល​ស៊ីអីុត​​ពុំ​ព្រម​ដោះ​ស្រាយ​​​ជា​ការ​​រួម​​ចំណែក​​ បង្កើន​​អំពើ​ហិង្សា​​ ។ ​ប្រការ​នេះ​ញ៉ាំង​ឱ្យ​គេ​​មាន​ការ​ភ័យ​ខ្លាច​​​​ផ្ទុះ​សង្គ្រាម​​សហ​គមន៍​​ សាសនា​​រវាង​ពួក​ស៊ី​អីុត​​ និង​ពួក​​ស៊ុន​នីត​ ​ដូច​កាល​ពី​​ឆ្នាំ​២០០៦​ទៅ​២០០៧ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post