បាគូ, (ស៊ិនហួ)៖ លោកប្រធានាធិបតី បារាំង ហ្វ្រង់ស័រ ហូឡង់ បានប្រកាស ថ្កោលទោស ចំពោះការបោះឆ្នោត ធ្វើប្រជាមតិនៅភាគ ខាងកើត ប្រទេសអ៊ុយក្រែន ព្រោះវាគ្មានភាពត្រឹម ត្រូវ ហើយគ្មានភាព ស្របច្បាប់ និង និតិវិធីអ្វីនោះទេ។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ កាវកាសូស ខាងត្បូង របស់ប្រទេស អាហ្ស៊ឺបៃហ្សង់ លោក ហូឡង់ បានបញ្ជាក់ “អ្វីដែលបាន កើតឡើងនៅទីក្រុង ដូណែកស៍ និង លូហ្គេនស៍ មិនបានបញ្ជាក់អ្វីទាំងអស់។”
លោក ហូឡង់ បានបន្ថែមទៀតថា មានតែការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះប៉ុណ្ណោះ ដែលស្របច្បាប់ ហើយនឹងឈាន ដល់ការតែង តាំងប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញ របស់ប្រទេសខាងកើត តំបន់អឺរ៉ុបមួយនេះ។ ចំពោះភាគខាងកើត ប្រទេសអ៊ុយក្រែន មានទីក្រុង ដូណែកស៍ និង លូហ្គេនស៍ បានធ្វើការបោះឆ្នោត ស្ទង់មតិកាលពី ថ្ងៃអាទិត្យ ដើម្បីផ្តាច់ខ្លួនទៅជ្រកក្រោម របបដឹកនាំរុស្ស៊ីវិញ។
មិនត្រឹមតែ ប្រទេសបារាំងនោះទេ សូម្បីតែអាម៉េរិក ចក្រភពអង់គ្លេស និង អាល្លឺម៉ង់ ផងដែរ បានចេញមុខច្រានចោល និង ថ្កោលការបោះឆ្នោត ធ្វើប្រជាមតិនេះ។ គួរបញ្ជាក់ថាលោក ហូឡង់ បានធ្វើដំណើរទស្សនកិច្ចនៅ អាហ្ស៊ឺបៃហ្សង់ ដែលជាប្រទេសមាន សក្តានុពលប្រេង និង ថាមពលផ្សេងៗដើម្បីរឹតបន្តឹង ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច ជាមួយតំបន់អឺរ៉ុប៕

*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង10:24 ថ្ងៃទី12 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ ដើមអម្ពិល ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  ដើមអម្ពិល 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post