ថ្ងៃទី​ 24 ខែឧសភា ឆ្នាំ2014, ម៉ោង 01:42 PM ដេាយ​ ៖​ សឹុម គោល

បាងកក ៖ នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​គេ បណ្តេញ​ចេញ​ពី​អំ​ណាច លោក​ស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា បាន​បង្ហាញ​វត្ត​មាន​នៅ​ឯ​ការិយា​ល័យ​សម្រប​សម្រួល​របស់​យោ​ធា ក្នុង​រដ្ឋ​ធា​នី បាង​កក​មួយ​ថ្ងៃ ក្រោយ​ពេល​កង​ទ័ព​នៃ​កាន់ កាប់​អំណាច​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​រដ្ឋ​ប្រ​ហារ​មិន​បង្ហូរ​ឈាម​មួយ ។
លោកស្រី យីងឡាក់ គឺជា ឥស្សរ​ជននយោបាយ​ជាន់ខ្ពស់ម្នាក់ ក្នុង​ចំណោម មន្ត្រីនយោបាយជាង ១០០ រូបផ្សេងទៀតដែល ត្រូវ​យោ​ធាកោះហៅ ស្រប​ពេល​ដែល​យោ​ធា បានហាមឃាត់អ្នក​នយោ​បាយ​សំខាន់ៗ ចំនួន ១៥៥ រូប មិនឱ្យ​ធ្វើដំណើរ​ចាកចេញពីប្រទេស ដោយ​​គ្មានការអនុញ្ញាត ។ កាល​ពីថ្ងៃព្រហស្បតិ៍ កងទ័ពបានព្យួរ រដ្ឋធម្មនុញ្ញ ហាមប្រាមការ​ប្រមូល​ផ្តុំគ្នាតវ៉ា ហើយចាប់ខ្លួន​អ្នក​នយោបាយ​ជាច្រើននាក់ ដោយសំអាងថា ពួកគេត្រូវតែរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ប្រទេស ក្រោយពេល​មានចលាចលខាង​នយោបាយ​យូររាប់​ខែមកហើយនោះ ។
នៅរសៀលថ្ងៃសុក្រទី ២៣ លោកស្រី យីង-ឡាក់ បានចាកចេញពីទីតាំងយោធាមួយ ដែល លោកស្រី​បង្ហាញខ្លួន ហើយ​បន្ត​ទៅ​មូលដ្ឋាន យោធាមួយផ្សេងទៀត ដោយ​គេ​មិនប្រាកដ ថា លោកស្រីនឹងត្រូវគេចាប់ឃុំខ្លួនឬយ៉ាងណា នៅឡើយទេ ។ សមាជិកសភា​ដែល​គាំទ្ររដ្ឋាភិបាលមួយ ចំនួនពេលនេះ កំពុងសម្ងំលាក់ខ្លួន ។ រដ្ឋប្រហារ ដែលកើតឡើងក្រោយ​ចលនាតវ៉ាប្រឆាំងនឹង រដ្ឋាភិបាល បាននាំឱ្យមាន​ការរិះគន់​យ៉ាងទូលំទូលាយពីអន្តរជាតិ ដោយហេតុការណ៍នេះ បាន កើតឡើង២ថ្ងៃ ក្រោយ​ពេល​យោធា​ប្រកាស ប្រើច្បាប់អាជ្ញាសឹក ។
លោក ចន ឃើររី រដ្ឋមន្ត្រី ការបរទេសអាមេរិកមានប្រសាសន៍ថា “គ្មាន ភាពស្របច្បាប់ទេ សម្រាប់ការធ្វើរដ្ឋប្រហារ យោធា​ថៃ ហើយជំនួយទ្វេភាគីសរុប ១០លាន ដុល្លារ នឹងត្រូវលុបចោល” ។ ខណៈអង្គការ សហប្រជាជាតិជំរុញឱ្យយោធា រួស​រាន់គោរព ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់ស៊ីវិល និងគោលការណ៍ ប្រជាធិបតេយ្យ ។ ទន្ទឹមនឹងនោះ ប្រជាជនថៃត្រូវគោរព ច្បាប់ បម្រាមគោរពចាប់ពីម៉ោង ២២:០០ ទៅ ម៉ោង ០៥:០០ ភ្លឺ ហើយទីក្រុងបាងកក កំពុង ស្ថិតក្នុងសភាពស្ងប់ស្ងាត់នៅឡើយ ។
ក្រុមអ្នក ប្រឆាំងនឹងរដ្ឋាភិបាល បានប្រកាសពីជោគជ័យ ហើយបានបញ្ជូនអ្នកគាំទ្ររបស់ខ្លួន ទៅផ្ទះ-សម្បែងវិញហើយដែរ។ ឧត្តម​សេនីយ​ប្រាយុទ្ធ ចាន់អូឆា អគ្គមេ​បញ្ជាការនៃកងទ័ពជើងគោកថៃ ដែលបានតែងតាំងខ្លួនជានាយករដ្ឋមន្ត្រីថ្មី មាន ប្រសាសន៍ថា យោធា​បាន​គ្រប់គ្រងអំណាចរដ្ឋ ទាំងស្រុង ហើយក្នុង​គោលបំណង​ឱ្យប្រទេស វិលទៅរកប្រក្រតីភាពវិញយ៉ាងឆាប់បំផុត ។
ប្រជាជនថៃទាំងអស់ ត្រូវតែរក្សាភាព ស្ងប់ស្ងៀម ហើយមន្ត្រីរដ្ឋាភិបាល និងអ្នករាជការ ត្រូវធ្វើចូលធ្វើការងារដូចធម្មតា។ គូបដិបក្ស​នយោបាយបានធ្វើការចរចាគ្នា អស់​ពេល ២ថ្ងៃ ប៉ុន្តែមិនអាចបំបែកភាពទ័ល ច្រកបាន ហើយយោធាក៏បានប្រកាសពីរដ្ឋ-ប្រហារភ្លាមៗ ដោយ​ឥស្សរជននយោបាយជា​ច្រើនរូបត្រូវបានឃុំខ្លួនភ្លាមៗដែរ ហើយក្រុម មេដឹកនាំយោធា ក៏ចេញប្រកាសពីគោលការណ៍ ចាំបាច់សំខាន់ៗ នៃការ​កាន់កាប់អំណាចរដ្ឋា ភិបាលរបស់ខ្លួន ។
អាមេរិកថ្កោលទោសរដ្ឋប្រហារថៃ ហើយពន្យារពេលសហការនិងកាត់បន្ថយ ជំនួយយោធា
ទីក្រុងវ៉ាស៊ិនតោន កំពុងពិចារណាឡើង វិញ ពីកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្រ ថៃ ក្រោយពេលហេតុ​ការណ៍រដ្ឋប្រហារ ដែល រដ្ឋមន្ត្រីការបរ​ទេសថ្កោល​ទោសថា មិនអាច មានហេតុផលណា​ធ្វើជាសំអាងបាន ប៉ុន្តែទន្ទឹម នឹងនោះ ត្រូវសហភាពអឺរ៉ុប​និង​អគ្គលេខាធិការ អង្គ​ការសហប្រជាជាតិ បាន គី មូន បានអំពាវ នាវឱ្យថៃ វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យឆាប់ បំផុត តាមដែលអាចធ្វើទៅបាន។ សហរដ្ឋអាមេរិក​បានអំពាវនាវថៃ ឱ្យ ត្រឡប់ទៅគ្រប់គ្រងប្រទេសដោយស៊ីវិល និង គោរពល​សិទ្ធិ​សេរីភាព​សារព័ត៌មាន ហើយសុំ ឱ្យមានការបោះឆ្នោត ដែល​ឆ្លុះបញ្ចាំងបំណង របស់ប្រជាជន ។
ទន្ទឹមនឹងនោះអាមេរិកស្នើ ឱ្យកងទ័ពថៃ ដោះលែងមេដឹកនាំនយោបាយ គ្រប់ភាគី ហើយបង្ហាញការបារម្ភចំពោះការ រារាំងបណ្តាញ​ផ្សព្វផ្សាយ ជាពិសេសសេរីភាព ខាងសារព័ត៌មាន ។ ទោះយ៉ាងណា អាមេរិក មិនបានបញ្ជាក់ពីចំណាត់ការ ដែលនឹងត្រូវ ប្រកាន់យក​ចំពោះ​ថៃឡើយ ខណៈក្រសួង ការពារជាតិ ឬមន្ទីរប៉ង់តាហ្គោន​ឱ្យដឹងថា គេ កំពុងពិចារណាលុបចោលកិច្ចសហប្រតិបត្តិការ សមយុទ្ធយោធា​ជាមួយ​ថៃប៉ុណ្ណោះ ។
បាងកកវិលទៅរកសភាពស្ងប់ស្ងាត់ ក្រោយរដ្ឋប្រហារតាមទម្លាប់ថៃ
បរិយាកាសនៅទីក្រុងបាងកកមានសភាព ធម្មតាវិញហើយ ក្រោយកងទ័ពកាន់កាប់ អំណាចរដ្ឋ ហើយប្រជាជានភាគច្រើនចេញ ទៅធ្វើការងារប្រចាំថ្ងៃវិញហើយដែរ ចំណែក ស្ថានភាពចរាចរណ៍មានសភាពរលូនល្អ ដោយ-សារកងទ័ពប្រកាសឱ្យបិទគ្រឹះស្ថានសិក្សា ទាំង​រដ្ឋនិងឯកជន ប៉ុន្តែប្រជាជនទូទៅ អាច ធ្វើដំណើរដូចធម្មតា ហើយហាងទំនិញ និង អាហារដ្ឋានស្ទើរគ្រប់កន្លែង ក៏បានបើក​អាជីវកម្ម​របស់ខ្លួនដែរ ។ បរិយាកាសទូទៅត្រូវគេ ចាត់ទុកថា ខុសគ្នាដាច់ស្រឡះពីរដ្ឋប្រហារ កាលឆ្នាំ ២០០៦ ព្រោះមិនមានរថក្រោះនៅ តាម​ដង​ផ្លូវមានតែ​ទាហាន​ដែលគេដាក់ពង្រាយ ទៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមស្ថាប័នរដ្ឋ សំខាន់ៗតែប៉ុណ្ណោះ ។ អ្នកដែលរងផលប៉ះពាល់ផ្ទាល់ពីរដ្ឋប្រហារ គឺអ្នក​នយោបាយជាន់ខ្ពស់ ដែលត្រូវកោះហៅ ឱ្យចូលបង្ហាញខ្លួនចំពោះមុខកងទ័ព ប៉ុន្តែប្រជា- ជនទូទៅវិញ ការប្រកាស​បម្រាគោចរ គឺជា រឿង​ធម្មតាហើយសម្រាប់សង្គមថៃ ដែលស៊ាំ នឹងស្ថានភាពបែបនេះស្រាប់ ។
អូស្ត្រាលី ៖ ស្ថានការណ៍រដ្ឋប្រហារថៃ គួរឱ្យបារម្ភបំផុត
លោកស្រី ជូលី ប៊ីសប រដ្ឋមន្ត្រីការបរទេស អូស្ត្រាលីថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី កំពុង ព៉្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍រដ្ឋ​ប្រហារយោធាថៃ ដែល​​​ជា​ហេតុការណ៍​គួរឱ្យ សោកសៅ ដែលជំរុញឱ្យលោកស្រីត្រូវពិនិត្យ មើលទំនាក់ទំនងទ្វេភាគីឡើងវិញ ក្នុងនាម ប្រទេស​សម្ព័ន្ធមិត្រ ដែលអ្នកទេសចរអូស្ត្រាលី និយម​កលម្ហែច្រើនបំផុត ។
លោកស្រីបន្តថា “យើងត្រូវការដឹងពី ហេតុផលដែលយោធាថៃប្រកាសធ្វើរដ្ឋប្រហារ ព្រោះប៉ុន្មានថ្ងៃមុននេះ គេធ្លាប់ប្រកាស​ប្រើ ច្បាប់អាជ្ញាសឹក ដោយអះអាងថា យោធានឹង មិនធ្វើរដ្ឋប្រហារទេ ហេតុនេះយើងចង់សើរើ ពិនិត្យឡើងវិញលើទំនាក់ទំនងរវាងរដ្ឋាភិបាល ថៃ និងអូស្ត្រាលី” ។ លោកស្រីមានការបារម្ភពី សុវត្ថិភាព​នៃជនជាតិអូស្ត្រាលី ប្រមាណ ២៨, ៥០០ នាក់ ដែលកំពុងស្នាក់នៅទឹកដីថៃ និង ណែនាំពួកគេឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផង ដែរ ។
ជប៉ុនព្រួយបារម្ភពីរដ្ឋប្រហារថៃ
លោក ហ៊្វូមិអូ គីឈីដា រដ្ឋមន្ត្រីការ​បរទេសជប៉ុន ថ្លែងសម្តែង​ការបារម្ភ​យ៉ាងខ្លាំង ចំពោះស្ថានកាសរនយោបាយថៃ ក្រោយពេល គណៈរក្សាសន្តិសុខ ជាតិថៃដឹកនាំ​ដោយ​ឧត្ត​ម​សេនីយ៍ ប្រាយុទ្ធ ឆាន់អូឆា ប្រកាសធ្វើរដ្ឋ​ប្រហារ និងដណ្តើមអំណាច​គ្រប់គ្រងពី​រដ្ឋាភិបាលចាំផ្ទះ តាំងពីថ្ងៃទី ២០ ឧសភា ដោយ​សារស​ភាពការណ៍​នយោ​បាយ​ទ័លច្រក ដែល អាចបណ្តាលឱ្យប៉ះពាល់ដល់ទំនាក់ទំនង នៃ ប្រទេសទាំង ២ ។
លោក គីឈីដា ស្នើឱ្យគ្រប់ ភាគីពាក់ព័ន្ធធ្វើសម្បទានគ្នា ដើម្បីទម្លាយវិបត្តិ ដោយសន្តិវិធី ព្រមទាំងប្រញាប់ស្តារប្រព័ន្ធ ប្រជាធិប​តេយ្យ ដោយប្រគល់អំណាចដល់ ប្រ​ជាជនតាមរយៈការបោះឆ្នោត ប្រកបដោយ តម្លាភាព និងយុត្តិធម៌ឱ្យបានឆាប់រហ័ស ។ ក្រុមហ៊ុន តូយ៉ូតា និងហុងដា ដែលជា ក្រុមហ៊ុនផលិតយានយន្ត នាំមុខគេ​របស់​ជប៉ុន ដែលមានទីតាំងផលិតនៅថៃ ចេញសេចក្តី-ថ្លៃងការណ៍ថា នឹងផ្អាក​ដំណើរ​ការផលិតកម្ម នៅពេលយប់ ព្រោះតែត្រូវគោរពបម្រាមគោចរ ពីម៉ោង ២២:០០-៥:០០ ដើម្បីសុវត្ថិភាព និង ងាយស្រួលធ្វើ​ដំណើររបស់​បុគ្គលិក ប៉ុន្តែការងារ ពេលថ្ងៃនៅមានដំណើរការដដែល ។
សាំងហ្កាពួរ-ម៉ាឡេស៊ី ដាស់តឿន ប្រជាជនឱ្យប្រយ័ត្នចំពោះការធ្វើដំណើរ
ក្រសួងការបរទេសសាំងហ្កាពួរ ប្រកាស ដល់ពលរដ្ឋឱ្យពិចារណាឱ្យបានច្បាស់ បើមាន បំណងធ្វើដំណើរទៅប្រទេសថៃ​នៅ​ពេលនេះ ក្រោយហេតុការណ៍រដ្ឋប្រហារ និងបម្រាម គោចរ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈជនជាតិសាំងហ្កាពួរកំពុងស្នាក់នៅទឹកដីថៃ ស្នើឱ្យ បង្កើនការ​ប្រុង​ប្រ​យ័ត្ន ក្នុងការប្រកបមុខរបរ ប្រចាំថ្ងៃ និង​តាមដានសភាពឱ្យបានដិតដល់ នោះ ចំណែកលោក ដាតូ សេរី អានីហ្វា អាម៉ាន រដ្ឋមន្ត្រីការ​បរទេស​​ម៉ាឡេស៊ី ស្នើឱ្យពលរដ្ឋខ្លួន ចេះការពារខ្លួនដូចពលរដ្ឋ​សាំង​ហ្កាពួរដែរ ដោយ បន្ថែមថា រដ្ឋាភិបាលកំពុងឃ្លាំងមើលយ៉ាងយក ចិត្តទុក​ដាក់បំផុត ពីសកម្មភាពរបស់យោធាថៃ នៅពេលនេះ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ មិនសប្បាយចិត្តនឹងយោធាថៃកាន់អំណាច
លោក បាន គី មូន អគ្គលេខាធិការនៃ អ.ស.ប ថ្លែងកាលពីថ្ងៃម្សិលមិញថា លោកមាន ការ “តក់ស្លុតបំផុត ច៉ំពោះ​ការធ្វើរដ្ឋប្រហារ ដណ្តើមអំណាចរបស់កងទ័ពថៃ ហើយលោក បានស្នើឱ្យថៃ ឆាប់ត្រលប់ទៅគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស៊ីវិល និងគោល​ការណ៍ប្រជាធិបតេយ្យ និងបើកការចរចារបស់គ្រប់គូបដិបក្ស ដែល​ជា​ការត្រួសត្រាយផ្លូវទៅរកសន្តិភាព និង ភាពចម្រុងចម្រើនយូរអង្វែង ក្នុងព្រះរាជាណាចក្រថៃ ៕




( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post